ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង ======= នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី នៅសាលប្រជុំសាលាស្រុកឯកភ្នំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងប្រាំពីរ ក្នុងស្រុកឯកភ្នំ ។ បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា៖ ១-ត្រូវបន្តយកចិត្តទុកដាក់ដោយស្មារតីសាមគ្គីរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ឱ្យបានល្អ។ ២-ខិតខំបំពេញបំណងរបស់ប្រជាពលរដ្ឋ លើការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ឱ្យកាន់តែងាយស្រួល និងរហ័ស។ ៣-ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ។ ៤-រួមគ្នាដោះស្រាយនូវបញ្ហាប្រឈម កង្វល់ តាមស្ថានភាពជាក់ស្តែងក្នុងឃុំរបស់ខ្លួន ដោយត្រូវចាត់អាទិភាពតាមវិស័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាល់បញ្ហាដែលនៅសេសសល់ រួចដោះស្រាយឱ្យចំគោលដៅ និងមានគុណភាព។ ក្នុងពិធីនេះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវអាកុល ម៉ាស់ និងថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងឃុំនីមួយៗផងដែរ។