នាព្រឹកថ្ងៃសុក្រ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានស្ដីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានដង្ហែអង្គបុណ្យកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ក្នុងវត្តរស្មីសាមគ្គីរតនារាម ហៅវត្តថ្មី ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី ។ ពិធីអង្គបុណ្យកឋិនទាននេះបានប្រព្រឹត្ត ទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យកែវ ទាំងបីមានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។