ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវេទិកាថ្នាក់ស្រុក ដើម្បីឈ្វេងយល់អំពី “គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេឌ័រ” នៅខេត្តស្ទឹងត្រែង
ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវេទិកាថ្នាក់ស្រុក ដើម្បីឈ្វេងយល់អំពី “គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេឌ័រ” រៀបចំដោយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សហការឧបត្ថម្ភគាំទ្រ ដោយ ក្រុមសមាជិកព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) ។
ឯកឧត្តម កុល សំអុល អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនា យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តង្គឧត្តមរបស់ឯកឧត្តមប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលបាលឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គវេទិកាថ្នាក់ស្រុក ដើម្បីឈ្វេងយល់អំពី “គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងយេនឌ័រ” ដ៏មានសារសំខាន់នាពេលនេះ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា វត្តមានដ៏ឧត្តង្គឧត្តមរបស់ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកនាពេលនេះ ជាសក្ខីភាពបញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តស្ទឹងត្រែងទាំងមូល ជាពិសេសជួយលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ឲ្យកាន់តែមានភាពកក់ក្តៅ ក្នុងការចូលរួមសកម្មភាពអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលបាននឹងកំពុងដឹងនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយជារួម និងយាយដោយឡែក ការលើកកម្ពស់ជីវភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងប្រកបដោយភាពវិជ្ជមាន និងប្រសិទ្ធភាព ។
ថ្លែងបើកអង្គវេទិកានាពេលនោះឯកឧត្តម ប៊ូ ថង បានមានប្រសាសន៍ថា ដំណើរការនៃកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ជាលទ្ធផលមកដល់ពេលនេះ អនុវត្តបានដោយរលូន និងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានយ៉ាងច្រើននៅថ្នាក់ឃុំ សង្កាត់ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលរាជរដ្ឋាភិបាលបានកំណត់នូវអាទិភាពចម្បង៤គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា មានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាព តាមរយៈការធ្វើកំណែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងបានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់អនុវត្តក្នុងនីតិកាលទី៥ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់ផ្នែក និងគ្រប់មជ្ឈដ្ឋានឲ្យកាន់តែប្រសើរទាំងគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឲ្យសេវាសាធារណៈ នៅកៀកប្រជាពលរដ្ឋ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ សមភាពយេនឌ័រ និងការលើកកម្ពស់ស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំនៅតែ អាជាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ព្រឹទ្ធសភាជាតួអង្គដ៏សំខាន់មួយក្នុងការរួមចំណែក ពង្រឹង និងជួយតម្រង់ទិសការអនុវត្តកំណែទម្រង់នេះឲ្យចំទិសដៅ និងទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ តាមរយៈការបំពេញមុខងារ របស់ខ្លួន ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលកំពុងអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ។ ទន្ទឹមនេះ វេទិកាថ្ងៃនេះ ជាការផ្តល់ឳកាសឲ្យមានកិច្ចពិភាក្សារវាងព្រឹទ្ធសភា រដ្ឋបាលមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ មើលលទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រនៅថ្នាក់មូលដ្ឋានក្នុងគោលដៅ លើកកម្ពស់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវាសាធារណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រ ។ ហើយបើទោះបីជាកំណែទម្រងនេះទទួលបានលទ្ធផលយ៉ាងធំធេងពិតមែន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលនៅ សេសសល់ និងបញ្ហាប្រឈមថ្មីៗដែលតម្រូវឲ្យយើងទាំងអស់គ្នាពិភាក្សាកំណត់បញ្ហាឲ្យបានច្បាស់លាស់ និងចូលរួមរកវិធីសាស្រ្ត ដោះស្រាយ ដើម្បីជំរុញការអនុវត្តកំណែទម្រងវិមជ្ឈការ វិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ។ អង្គវេទិកាប្រព្រឹត្តទៅ ចំនួនពីរថ្ងៃដោយមានការធ្វើបទបង្ហាញស្តីពី តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ដោយលោក យ៉ាំ ម៉េងស៊ាន តំណាងក្រសួងក្រសួងមហាផ្ទៃ បទបង្ហាញស្តីពីការបញ្ជ្រាបយេនឌ័រនៅឃុំ-សង្កាត់ ដោយលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង និងមានការបញ្ចេញមតិយោបល់របស់ក្រុមប្រឹក្សាឃុំ-សង្កាត់លើការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេឌ័រដោយសមាជិកនៃអង្គវេទិកាទាំងមូលផងដែរ ៕
រូបភាពនិង អត្ថបទ៖ នាយកដ្ឋានព័ត៌មាន
//
អត្ថបទពាក់ព័ន្ធ