កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៣ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានបើកអង្គមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៥ នៃទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (ថ្ងៃទី០២ ធ្នូ ១៩៧៨ – ថ្ងៃទី០២ ធ្នូ ២០១៣) ក្រោមអធិបតីភាពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធាន- គណៈកម្មការទី៤ ព្រឹទ្ធសភានិងជាសមាជិកក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអភិបាលស្រុកភ្នំស្រួចក្រុមប្រឹក្សា ស្រុកភ្នំស្រួចក្រុមប្រឹក្សា ឃុំទាំង១២ នៃស្រុកភ្នំស្រួច កងប្រដាប់អាវុធ តំណាងមន្ទីរពាក់ព័ន្ធនានានិងប្រជាពលរដ្ឋ សរុបចំនួន១៩០នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានលើកឡើងថាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣គឺជាខួបលើក ទី៣៥នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ឯកឧត្តមបានរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្រ្ដថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំង
មហាសាមគ្គីរបស់ប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនសេ្នហាជាតិជាច្រើនរូបទៀត ដើម្បីផ្ដួលរំលំនូវរបបឃាតករ ប៉ុល ពត សង្គ្រោះ រំដោះ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្ដរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួលជ័យជំនះ ទាំងស្រុង នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។
ឯកឧត្តមបានឧទ្ទិសឲ្យស្មារតីរណសិរ្ស ០២ ធ្នូ ស្ថិតនៅជាប់ជានិច្ចក្នុងចិត្តរបស់កុលបុត្រ កុលធីតាខែ្មរបើនិយាយពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវនិយាយពីកម្លាំង មហាសាមគ្គី ប្រជាជន ទាំងមូលគ្រប់រូបដើម្បីរួបរួមគ្នាបម្រើ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរឲ្យមានសុខ សន្ដិភាព សំបូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល ។
អត្ថបទ និងរូបភាព៖លេខាធិការដ្ឋានអមគណៈកម្មការទី៤