ពិធីបិទវេទិកាថ្នាក់ស្រុក ដើម្បីស្វែងយល់ស្តីពីការយល់ដឹង និងចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងស្រុកកូនមុំ ខេត្តរតនគិរី
ថ្ងៃទី 17 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅសណ្ឋាគាររតនស៊ីធី ក្រុងបានលុង ខេត្តរតនគិរី ឯកឧត្តម ប៊ូ ថង ប្រធាន គណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកា ថ្នាក់ស្រុកដើម្បីស្វែងយល់ស្តីពីការយល់ដឹងនិងការចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងស្រុកកូនមុំ។
ឯកឧត្តម ណាប់ ប៊ុនហេង អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ថា អង្គវេទិកានេះ នឹងបង្ហាញឲ្យឃើញ ពី ការយកចិត្តទុកពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ជាតិ ចំពោះក្រុមប្រឹក្សាឃុំ ដែលជាថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ។
មានប្រសាសន៍បូកសរុបនៃអង្គវេទិកា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ថា ឆ្លងតាមការធ្វើបទបង្ហាញរបស់តំណាងក្រសួងមហាផ្ទៃការពិភាក្សា របស់ក្រុមប្រឹក្សាឃុំ និងការបកស្រាយបំភ្លឺរបស់តំណាងក្រសួងមហាផ្ទៃ សង្កេតឃើញថាការអនុវត្តតួនាទីភារកិច្ច របស់ក្រុម ប្រឹក្សាឃុំ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈ ការវិសហមជ្ឈការគឺជា ប្រធានបទមួយដែលស្របតាមតម្រូវការនិងបច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សាឃុំដែលជា ថ្នាក់ រដ្ឋបាលគៀកនឹងប្រជាពលរដ្ឋបំផុត។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាដំណើរការដ៏ប្រទាក់ក្រឡា គ្នា និងជាដំណើរផ្លូវដ៏វែងឆ្ងាយក៏ដោយ ក៏យើងទាំងអស់គ្នា មានការប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល បំពេញ តួនាទីភារកិច្ច រៀងៗខ្លួនប្រកបដោយការច្នៃប្រឌិតខ្ពស់ ក្នុងការជំរុញការអនុវត្តកំណែទម្រង់ រដ្ឋបាល ថ្នាក់ ក្រោមជាតិឲ្យសម្រេច ជោគជ័យកាន់តែឆាប់ ដើម្បីជាផលប្រយោជន៍របស់ជាតិ។
ថ្លែងក្នុងឱកាសបិទវេទិកានាឱកាសនោះ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានមានប្រសាសន៍ថាឆ្លងតាមដំណើរការនៃអង្គវេទិកា រយៈពេល១ថ្ងៃកន្លះកន្លងមកនេះពិតជាបាន បង្ហាញឲ្យឃើញពីផលវិជ្ជមានយ៉ាងច្រើនដែលឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការចូលរួម យ៉ាងសកម្មដោយ គ្មាន ភាពនឿយហត់ដើម្បីរួមគ្នាជាមូលដ្ឋានក្នុងការអនុវត្តការងារឲ្យ កាន់តែប្រសើរឡើង ថែមទៀត។
ឯកឧត្តម ក៏បានសំណូមពរឲ្យសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ នៃស្រុកកូនមុំទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្ត ទុកដាក់ខ្ពស់ធ្វើការសម្របសម្រួល សហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តការងារឲ្យបានកាន់តែ មានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ជាតិ។ ជាងនេះទៅទៀតកត្តាសាមគ្គី និង សេចក្តីព្យាយាមរបស់ក្រុមប្រឹក្សាឃុំ ក្នុងការគោរពច្បាប់បទដ្ឋានគតិយុត្ត គោលនយោបាយនានា និងការយកចិត្តទុកដាក់ក្នុងការ ពង្រឹងសមត្ថភាព រួមទាំងការរៀនសូត្របទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកគឺជាកត្តាគន្លឹះក្នុងការពង្រឹង និង ពង្រីកកិច្ចអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ចំនួន០៣ សម្រាប់ឲ្យក្រុមប្រឹក្សាឃុំ ក៏ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់យកទៅ អនុវត្តដូចជា៖ ទី១ត្រូវមានសមត្ថភាពលទ្ធភាពគ្រប់គ្រាន់ ទី២ត្រូវមានការគាំទ្រស្រលាញ់រាប់អានពី សំណាក់ មន្រ្តីក្រោម ឱវាទ និងទី៣ទទួលបាននូវការជឿទុកចិត្តពីសំណាក់ថ្នាក់ជាតិ។
ឯកឧត្តម ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់ឃុំទាំង៦ក្នុងស្រុកកូនមុំ ខេត្តរតនគិរី ដោយក្នុងមួយឃុំៗទទួលបានរូបថត អនុស្សាវរីយ៍សមាជិកសមាជិកព្រឹទ្ធសភានីតិកាលទី៣ ចំនួន០១ផ្ទាំង ផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ខេត្តរតនគិរី ចំនួន០១ផ្ទាំង ដោយឡែកសាលារតនគិរីទទួលបាននូវ រូបថតអនុស្សាវរីយ៍សមាជិកសមាជិកព្រឹទ្ធសភានីតិកាលទី៣ចំនួន ០១ផ្ទាំង ផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធខេត្តរតនគិរីចំនួន០១ផ្ទាំងផងដែរ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន