Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៊ូ ថង អញ្ជើញចុះនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តស្ទឹងត្រែង

   ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2024

com4_30-09-2013-5 com4_30-09-2013-6
នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ដោយមានការចូលរួមពីឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាល ខេត្ត ស្ទឹងត្រែង បាន អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសម្រាប់ចែកជូន ដល់ប្រជាពលរដ្ឋសរុប ចំនួន៦០គ្រួសារដែល ទទួលរងគ្រោះដោយសារទឹកជំនន់ នៅសង្កាត់ព្រះបាទ និងសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត- រាយខេត្តស្ទឹងត្រែង បានរាយការណ៍អំពីស្ថានភាពទឹកជំនន់ ដែលទាំងសង្កាត់ព្រះបាទ និង សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងបានទទួលរងគ្រោះដូចជា បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់ចំនួន០២នាក់ ប្រជាពលរដ្ឋចំនួន៥.៧០៤គ្រួសារផ្លូវលំ ប្រវែង១២.១០៣ម៉ែត្រ ផ្លូវកៅស៊ូប្រវែង៩.៧៥០ម៉ែត្រ ស្ពានចំនួន៣២កន្លែង លូទឹក៣៤កន្លែង វត្តចំនួន០៤ មន្ទីរពេទ្យ០១ មណ្ឌល សុខភាព០១ សាលារៀន០៣កន្លែង លិចស្រូវចំនួន៥២២ ហិចតា ចំការក្រូច៣០ហិចតា និងដំណាំផ្សេងៗចំនួន ១៨ហិចតា។
បន្ទាប់ពីបានស្តាប់របាយការណ៍ររបស់អាជ្ញាធរខេត្តរួចមក ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភានិងជា ប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិ- សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និង ឯកឧត្តម ទេព ងន អនុ- ប្រធានទី២ព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តប្រចេះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងនាមព្រឹទ្ធសភា ក្នុងនាមគណៈកម្មការទី៤ និងក្នុងនាមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ទោះជាមានភារកិច្ចច្រើនយ៉ាងណា ក៏ដោយ ក៏ត្រូវឈ្លៀតពេលវេលាមកជួបបងប្អូន ដើម្បីចង់ដឹងពីសុខទុក្ខ របស់បងប្អូន ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីជួយចែករំលែកនូវការលំបាករបស់ បងប្អូន។
ឯកឧត្តមបានប្រសាសន៍បន្តទៀតថា យើងទាំងអស់គ្នារស់ត្រូវការជាចាំបាច់ពីធម្មជាតិ ហើយធម្មជាតិក៏អាចបង្ករបញ្ហាដល់ យើងដែរ។ យើងត្រូវការពីធម្មជាតិដូចជា ទឹក ខ្យល់ ភ្លើង និងដី ដូចជាបច្ចុប្បន្ននេះយើងកំពុង តែទទួល រងពីគ្រោះធម្មជាតិទឹកជំនន់ ដែលបានបង្ករបញ្ហាដល់បងប្អូនប្រជាពលរដ្ឋខូចខាតផលប្រយោជន៍របស់បងប្អូន។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពេលទឹកជំនន់នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន កុំឲ្យមានបាតុភាពអ្វីកើតឡើង ត្រូវថែរក្សាសុខភាព និងរក្សាអនាម័យ ពេលគេងត្រូវចេះដាក់មុង ដើម្បីបង្ការកុំឲ្យ មូសខាំ និងសត្វមានពិសទិចឬចឹក! ចំណែកទឹកត្រូវដាំឲ្យឆ្អិន ដើម្បីជៀសវាងបាននូវការរាករូស ហើយប្រសិនបើធ្វើតាមវិធីនេះ បាននោះបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបានចាកផុតពីជំងឺដង្កាត់ផ្សេងៗជាក់ជាពុំខានហើយពេលទឹកស្រកទៅវិញត្រូវជំរុញ ការងារបង្ករបង្កើនផលឲ្យបានគ្រប់ៗគ្នា។
បន្ទាប់មកឯកឧត្តមក៏បានផ្តល់អំណោយជូនសាលាខេត្តស្ទឹងត្រែង មីចំនួន១០០កេស ថវិកាចំនួន៥.០០០.០០០ រៀល បង ប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់សរុបចំនួន៦០គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូ មី២ កេស ថវិកា៥០.០០០រៀល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី