គណៈកម្មការទី៤ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ និង ស្តាប់បទបង្ហាញរបស់វិទ្យាស្ថានសភាកម្ពុជា
ថ្ងៃទី 20 ខែវិច្ឆិការ ឆ្នាំ2024
នៅរសៀលថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១២ នៅសាលពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សា ស្តីពី “ផែនការសកម្មភាពការងាររបស់គណៈកម្មការ ប្រចាំឆ្នាំ២០១៣” ។ដោយឡែកនៅរសៀលថ្ងៃដ៏ដែលនោះដែរ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញរបស់វិទ្យាស្ថានសភាកម្ពុជា ស្តីពី “តួនាទីរបស់សភា ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា”។
លោក Alex READ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសភាកម្ពុជា បានធ្វើបទបង្ហាញស្តីពី “តួនាទីរបស់សភា ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា” ដែលក្នុងនោះមាន០៣ចំណុចសំខាន់ៗ គឺទី១កំណែទម្រង់វិមជ្ឈការនៅប្រទេសកម្ពុជា ទី២ភាពជោគជ័យ និងបញ្ហាប្រឈម និងទី៣តួនាទីសភាក្នុងដំណើរអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
ក្រោយពីបទស្តាប់បទបង្ហាញរួចមក ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ថា តាមរយៈបទបង្ហាញធ្វើឲ្យយើងទាំងអស់គ្នាបានសិក្សាស្វែងយល់បន្ថែមនូវបទពិសោធន៍ អំពី សកម្មភាព និងបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋាន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការការងារ និងធ្វើសកម្មភាពឲ្យបានសមស្របតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ ។
ឯកឧត្តមប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា ការអភិវឌ្ឍមូលដ្ឋាន គឺត្រូវតែមានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ទើបយើងទទួលបានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសការពង្រឹងលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដើម្បីឲ្យថ្នាក់មូលដ្ឋានមានភាពរឹងម៉ាំក្នុងការអភិវឌ្ឍតាមមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាក៍បានស្នើដល់វិទ្យស្ថានកម្ពុជា ក្នុងការផ្តល់នូវឯកសារសំខាន់ៗ ដែលពាក់ព័ន្ធលើវិស័យគណៈកម្មការ ដើម្បីពង្រឹងបន្ថែមនូវប្រសិទ្ធិភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត។
អបទនិងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ