គណៈកម្មការទី៤ព្រឹទ្ធសភា ប្រជុំជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា
ថ្ងៃទី 22 ខែវិច្ឆិការ ឆ្នាំ2024
|
|
ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី«ការអនុម័តយល់ព្រមឲ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីការជូន ដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ និងអនុសញ្ញា ស្តីពីសុវត្តិភាពនុយក្លេអ៊ែរ»
|
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសាលពិសេស វិមានព្រឹទ្ធសភា គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង មុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជា មួយនឹងវិទ្យាស្ថានសភាកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រៀងច្បាប់ ស្តីពី “ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីការជូនដំណឹងជាបន្ទាន់ពី គ្រោះមហន្តរាយនុយក្លេអ៊ែរ និងអនុសញ្ញា ស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ” ។
លោក ដារ៉ារិទ្ធ គិមយាត នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់សច្ចាប័ន អាចផ្តល់ ប្រយោជន៍ ដល់ ប្រទេសកម្ពុជា ពីយន្តការជូនដំណឹង ប្រសិនបើមានគ្រោះថ្នាក់នុយក្លេអ៊ែរកើតឡើង និងលើសពីនេះ ដោយ សារកម្ពុជា កំពុងតែពិចារណាលើការសាងសង់រោងចក្រ ដើដោយ ថាមពលនុយក្លេអ៊ែរនាថ្ងៃអនាគត ហេតុដូចនេះ កម្ពុជាគួរតែ ពិនិត្យ និងផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការជូនដំណឹងជាបន្ទាន់ ពីសុវត្ថិភាពនុយក្លេអ៊ែរ។
ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ថា តាមរយៈ បទបង្ហាញធ្វើឲ្យយើងទាំងអស់គ្នារបានសិក្សាស្វែងយល់បន្ថែម និងទទួលនូវបទពិសោធន៍អំពីបញ្ហាប្រឈម ដែលកើតចេញពីសារធាតុវិទ្យុសកម្មរបស់នុយក្លេអ៊ែរ និងនីតិវិធីក្នុងក្របខណ្ឌគតិយុត្តដែលបានអនុវត្តន៍ជាធរមាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅដល់ការឲ្យសច្ចាប័នទៅលើអនុសញ្ញា ស្តីពីការជូនដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ និងអនុសញ្ញាស្តីពីសុវត្តិភាពនុយក្លេអ៊ែរ។
ឯកឧត្តមប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាក៏បានមានប្រសាសន៍បន្តទៀតថាការផ្តល់សច្ចាប័ននេះផ្តោតសំខាន់ទៅលើការជូនដំណឹងជាបន្ទាន់ពីគ្រោះ មហន្តរាយនុយក្លេអ៊ែរ និងបញ្ជៀសបានអតិបរិមានូវគ្រោះមហន្តរាយនានាដែលកើតឡើងពីផលវិបាកនុយក្លេអ៊ែរតាមរយៈ ការបង្កើតប្រព័ន្ធសុវត្ថិភាពរោងចក្រ ដើដោយថាមពលនុយក្លេអ៊ែរ ការប្រើប្រាស់សារធាតុនុយក្លេអ៊ែរ ការបង្ការការលេចសាយភាយនូវវិទ្យុសកម្ម និងយន្តការបង្កាគ្រោះថ្នាក់មហន្តរាយថាមពលនុយក្លេអ៊ែរ។
រូបភាពៈនាយកដ្ឋានព័ត៍មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ