គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភាជួបសវនាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគីរី
ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2024
នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ នៅសាលាខេត្តរតនគីរី គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់ថា គណៈកម្មការទី៤ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ប៊ូ ថងប្រធានគណៈកម្មការបានអញ្ជើញចុះទៅជួបសវនាការងារជាមួយនឹងអាជ្ញាធរខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការនគបាលខេត្ត និងមន្ត្រីពាក់ព័ន្ធសាលាខេត្ត ដែលដឹកនាំដោយឯកឧត្តមប៉ាវ ហមផានអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដើម្បីស្វែងយល់អំពីសកម្មភាព និងទិសដៅការងារក្នុងខេត្តរតនគិរី។
ឯកឧត្តមប៉ាវ ហមផានអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្ររបស់ខេត្ដរតនគិរីស្ថិតនៅភូមិភាគឥសាន្ដ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ៥៨៨គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៨។ ខេត្តមានរដ្ឋបាលដែនដី មានក្រុងបានលុង ជាទីរួមខេត្ដ និង០៨ស្រុក ដែលចែកជា០៤សង្កាត់ និង៤៦ឃុំ រួមមាន២៤៣ភូមិ។ ខេត្ដរតនគិរី មានវិសាលភាពផ្ទៃដីទំហំ១០.៧៨២គីឡូម៉ែត្រក្រឡា មានទន្លេ០២ឆ្លងកាត់ គឺទន្លេសេសាន និងទន្លេស្រែពក ។ បច្ចុប្បន្នប្រជាពលរដ្ឋមានចំនួនសរុប១៦២.៨៩១នាក់ ស្រី៨១.២២៩នាក់ស្មើនឹង៣៤.៩៥០គ្រួសារ(ស្ថិតិឆ្នាំ២០១១) គិតដង់ស៊ីតេ១៥នាក់/គីឡូម៉ែត្រការ៉េ។ ជនជាតិដើមភាគតិចមានប្រមាណ ៦០% នៃប្រជាពលរដ្ឋទូទាំងខេត្ដ សមាសភាពជនជាតិដើមភាគតិចមានចំនួន០៨ នជាតិ ជាអាទិ៍ៈ ទំពួន.ចារាយ. គ្រឹង.ព្រៅ.ភ្នង. កាវែត. កាចក់និងលន់។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ចំពោះការងារសន្តិសុខ និងសណ្តាប់ធ្នាប់តាមរយៈសកម្មភាពផ្សព្វផ្សាយផែនការអនុវត្ដគោលនយោបាយ “ភូមិឃុំមានសុវត្ថិភាព” បានឆ្លុះបញ្ចាំងបង្ហាញនូវឆន្ទៈចូលរួមក្នុងចលនាប្រជាការពារភូមិឃុំដោយស្មារតីស្មោះស្ម័គ្រនិងអនុវត្ដសកម្មភាពយ៉ាងជិតស្និទ្ធ។ជាមួយគ្នានេះដែរ ខេត្តបានពង្រឹង និងពង្រីកកម្លាំងប្រជាការពារដែលមានចំនួន២៩៤ក្រុមមានប្រជាការពារចំនួន៨៨៤នាក់និងបានពង្រឹង ពង្រីកប៉ុស្ដិ៍សន្ដិសុខនៅតាមភូមិចំនួន ១៣៩ប៉ុស្តិ៍និងបាន ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥០ប៉ុស្តិ៍ នៅក្នុងទូទាំងខេត្ត។
ឯកឧត្តម ប៊ូ ថងប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត និងក្រុមក្ប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តរតនគីរី ដែលបានគាំទ្រ និងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៣ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីមប្រធានព្រឹទ្ធសភាឯកឧត្តមសាយ ឈុំអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមទេព ងនអនុប្រធានទី២ព្រឹទ្ធសភាជូនចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី។
ឯកឧត្តម ប៊ូ ថងប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានមានប្រសាសន៍ថា ក្រោយពីស្តាប់របាយការណ៍សកម្មភាពការងារនិងទិសដៅការងាររបស់ខេត្តរួចមក ឃើញថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនធ្វើឲ្យខេត្តរតនគិរីមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមប្រធានគណៈកម្មការ បានស្នើសុំឲ្យមន្រ្តីអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំអនុវត្តគោលនយោបាយ“ភូមិឃុំមានសុវត្ថិភាព” ពីព្រោះថានៅខេត្តរតនគិរី បច្ចុប្បន្នមានប្រជាពលរដ្ឋមកពីខេត្តផ្សេងៗច្រើនណាស់ដែលមកតាំងទីលំនៅក្នុងខេត្តរតនគិរីនេះ។ រូបភាពនិងអត្ថបទៈនាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ