Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម

   ថ្ងៃទី 27 ខែធ្នូ ឆ្នាំ2024


តបតាមការអញ្ជើញរបស់ក្រុមមិត្តភាពសមាជិកសភាវៀតណាម-កម្ពុជា នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម បានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ នឹងអញ្ជើញទស្សនា និងពិភាក្សាការងារជាមួយក្រុមហ៊ុនភាគហ៊ុនរួម ជឿង ហាយគ្រុប នៅខេត្តគ័ងណាម ទស្សនារោងចក្រផលិតផលមួយចំនួនរបស់ក្រុមហ៊ុនTHACO តំបន់សេដ្ឋកិច្ចCHU LAI នៃកំពង់ផែដឹកជញ្ជូនTam Hiep ព្រមទាំងទស្សនាតំបន់ទេសចរណ៍ស្ពានមាស និងភូមិបារាំង។
បន្ទាប់មកគណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយនឹងឯកឧត្តម ង្វៀន ឌឹក ហាយ អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា ព្រមទាំងចូលរួមសន្និសីទនៃការចែករំលែកអំពីតួនាទីសមាជិកសភានៃប្រទេសទាំងពីរក្នុងការស្តារ និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឡើងវិញ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មេគង្គ សភាអេឡិចត្រូនិច។
ដោយឡែកក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព នឹងអញ្ជើញជួបសវនាការជាមួយនឹងថ្នាក់ដឹកនាំទីក្រុងដាណាង ព្រមទាំងអញ្ជើញទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចវប្បធម៌របស់ទីក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី