នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី30 (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលក្នុងកិច្ចប្រជុំក្រុមការងារសមាជិកសភាស្រ្តី ដើម្បីពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចុងក្រោយ ចំនួន០២ គឺ ៖ ទីមួយ-ការផ្តល់អំណាចដល់ស្រ្តីដើម្បីដោះស្រាយវិបត្តិនាពេលអនាគត និងទីពីរ-ការពង្រឹងការចូលរួមរបស់ស្រ្តីនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយលោកជំទាវ Pechdau Tohmeena សមាជិកាសភានៃព្រះរាជាណាចក្រថៃឡង់ដ៏ និងមានការចូលរួមពីបណ្តាប្រទេសទាំងអស់ដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។