នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាកំពត និងអស់លោក លោកស្រី ជាសមាជិក សមាជិកាសមាគម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកស្រីនាយិកា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ជាស៊ីម អង្គរជ័យ ស្ថិតនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយមួយចំនួនដើម្បីផ្តល់ជូន ដូចខាងក្រោម ៖ ១-សិស្សក្រីក្រចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានរួមមាន អង្ករ ២០គីឡូក្រាម មី១កេស សៀវភៅ១០ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម និងថវិកាចំនួន ២ម៉ឺនរៀល។ ២-ចែកកង់ ១គ្រឿង ដល់សិស្សឈ្មោះ ភួង ពេជ្រ ភេទប្រុស ដោយសារគាត់គ្មានមធ្យោបាយធ្វើដំណើរមករៀន រស់នៅជាមួយជីដូនចាស់ជរា ជីវភាពជួបការលំបាក។ ៣-ផ្តល់ជូនវិទ្យាល័យជាស៊ីមអង្គរជ័យរួមមាន ឈុតខោអាវកីឡាបាល់ទាត់២០ឈុត អាល់កុល៣០លីត្រ និងម៉ាស់២០ប្រអប់។ ៤-ឧបត្ថម្ភក្រុមអាជ្ញាកណ្តាលបាត់ទាត់ថវិកាចំនួន ២០ម៉ឺនរៀល ៥-ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានតេជោសែនកំពត (សម្រាប់សិស្សក្រីក្រនៃវិទ្យាល័យ ជាស៊ីម អង្គរជ័យ)។
បន្ទាប់មក ឯកឧត្តមក៏បានអញ្ជើញជាអធិបតីការប្រកួតកីទ្បាបាល់ទាត់មិត្តភាពរវាងក្រុមកីទ្បាបាល់ទាត់សមាគមរាជសីហ៍សាខាខេត្តកំពត និងក្រុមកីទ្បាបាល់ទាត់ The One Touch ខេត្តតាកែវផងដែរ៕