នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ជួបសំណេះសំណាលជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងប្រគល់គ្រឿងបរិក្ខារពេទ្យ និងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកែប សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងសកម្មភាពសប្បុរសធម៌តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល នៅសាលាខេត្តកែប។
អំណោយដែលបានប្រគល់ជូននាពេលនោះរួមមាន ៖ គ្រែសម្រាកសង្គ្រោះបន្ទាន់អគ្គីសនីចំនួន១៥គ្រឿង ម៉ាស៊ីនអុកស៊ីសែនចំនួន០៦គ្រឿង ម៉ាស៊ីនឆ្លុះអេកូចំនួន០១គ្រឿង អង្ករចំនួន០១តោន ទឹកសុទ្ធចំនួន១០០កេស មីចំនួន៥០កេស អាវពេទ្យភីភីអ៉ីចំនួន១៥០កំប្លេ និងម៉ាសចំនួន ១០ ០០០ម៉ាស (ដប់ពាន់ម៉ាស) ។