នាព្រឹកថ្ងៃ សុក្រ ទី ២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុកកៀនស្វាយទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷ -ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ និងក្មួយៗកម្មករ កម្មការិនីរោងចក្រ ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ជាប់ជាប្រចាំ។ -អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងស្រុក។ -អាជ្ញាធរ ត្រូវពន្យល់បន្ថែមដល់ក្មួយៗកម្មករ កម្មការិនីរោងចក្រកុំធ្វើការចល័តផ្តេសផ្តាសចៀសវាងការផ្ទុះទ្រង់ទ្រាយធំក្នងរោងចក្រ ដែលពិបាកក្នុងការស្វែងរកប្រភពចម្លង។ -ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា ពិសេសសុវត្ថិភាព របស់អាជ្ញាធរក៏ជាកត្តាចម្បងដែរ ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។ អំណោយដែលប្រគល់ជូននាពេលនោះរួមមាន : – អង្ករចំនួន ១០០បាវ (២តោន) – មីចំនួន ១០០កេស – ត្រីខចំនួន ១០០យួរ -ទឹកត្រី ទឹកសុីអុីវ ចំនួន ១០០យួរ – ម៉ាស់ចំនួន ១០០ប្រអប់