នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃអង្គារ៍ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រមូលព័ត៌មានបញ្ហាប្រឈម និងសំណូមពរផ្សេងៗ នៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោកមេឃុំ អ៊ាង សុគុណ ។ ឯកឧត្តម បានផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជម្រាបជូនអំពីស្ថានភាពវិវត្តថ្មីៗ នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោក ហើយត្រូវគោរពប្រតិបត្តិតាមវិធានការណ៍ណែនាំថ្មីរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាពិសេសវិធានការណ៍ ៣ ការពារ ៣ កុំ ។ បន្តផ្សព្វផ្សាយតាមភូមិនីមួយៗតាមដាន ត្រួតពិនិត្យ ពលករចំណាកស្រុក និងប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលធ្វើដំណើរចុះឡើងភ្នំពេញ ។ ក្នុងឪកាសនោះឯកឧត្តម បានជួយដោះស្រាយសំណូមពររបស់លោកមេឃុំក្អមសំណរ ដើម្បីទិញបង្គោលស្មាច់ទប់ក្បាលស្ពានផ្លូវចាក់បេតុងថ្មីចំនួនពីរកន្លែង ដើម្បីការពារបាក់ស្រុតដីនៅរដូវទឹកឡើង ចំណាយថវិកាអស់ចំនួន ៣,០០០,០០០រៀល ។ បានឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្ត៍ ជំនួយការឃុំ ថវិកាមួយចំនួនផងដែរ ។