នារសៀល ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកទ្បើងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន៖
១.ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងកំឡុងពេលកូវីត១៩ ត្រូវរក្សាអនាម័យ គន្លាត ពាក់ម៉ាស់ សំអាតដៃដោយសាប៉ូ បាញ់អាកុល ឲ្យបានជាប់ជាប្រចាំ ទាំងនៅកន្លែងបំពេញការងារ និងនៅតាមគេហដ្ឋាន ។ ២.អំពីតួនាទី ភារៈកិច្ចរបស់ព្រឹទ្ធសភា ។ ៣.ចូលរួមអនុវត្តន៍តាមវិធានការថ្មីរបស់ក្រសួងសុខាភិបាល និង ត្រូវបន្តផ្សព្វផ្សាយជាប្រចាំនូវវិធានការ ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង៣កុំ(១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ) ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ) ។ ៤.អំពីគោលនយោបាយទាំង៧ចំណុចថ្មី ” ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ” ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ ។ ៥.សហការគ្នាបន្តបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសលើការងារអភិវឌ្ឍន៍ភូមិ ឃុំ ការងារឯកសារបែបបទពាក់ព័ន្ធជាមួយប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។ ជាកិច្ចបញ្ចប់នៃកម្មវិធីសំណេះសំណាលដោយមានការសំណូមពរពីលោកមេឃុំ ពាមរាំង ឯកឧត្តម បានជួយដោះស្រាយជូនតាមសំណើរ ចំនួនពីរ រួមមានៈ ១.ស្នើសុំស្តារប្រឡាយមេមួយ ប្រវែង ៥០០ ម៉ែត្រ ចំណាយថវិកាចំនួន ៣,០០០,០០០រៀល(នៅភូមិពាមរាំងក្រោម) ។ ២.ស្នើសុំជីកដីដាក់លូ នៅភូមិព្រែកតាទួន ចំណាយថវិកាចំនួន ១,៩០០,០០០រៀល និងបាន ឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្ត៍ ជំនួយការ មួយចំនួនផងដែរ ។