ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកញ្ច្រៀច និងឃុំថ្មពូន ក្នុងស្រុកកញ្ច្រៀច ខេត្តព្រៃវែង ======= ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកញ្ច្រៀច និងឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវេង សរុបចំនួន ៣២នាក់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទី ភារកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ផ្សព្វផ្សាយវិធានការណ៍ការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់បញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ និងថ្នាក់មូលដ្ឋាន នៅសាលប្រជុំសាលាឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានឧបត្ថមថវិកាដល់ឃុំទាំងពីរ ដោយក្នុងមួយឃុំថវិកា ៥០ម៉ឺនរៀល។
បន្ទាប់មក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារផងដែរ ស្ថិតនៅក្នុងភូមិកញ្ច្រៀច ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខ០១យួរ សៀង០១កែវ ឆៃប៉ូវ០១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕