Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង ឯកឧត្តម ម៉ុម សារឿន ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្ទឹងត្រែង

   ថ្ងៃទី 7 ខែសីហា ឆ្នាំ2024

ដើម្បីឈ្វេងយល់ តាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ម៉ុម សារឿនអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីឈ្វេងយល់អំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់នានា ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ប្រមូលនូវបញ្ហាលំបាក និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋានមកធ្វើការសិក្សាស្រាវជ្រាវ និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងពាំនាំនូវសំណូមពររបស់អាជ្ញាធរខេត្ត មន្ទីរ យកទៅជម្រាបជូនដល់ក្រសួង ឬស្ថាប័ន ដែលមានការពាក់ព័ន្ធ ដើម្បីចូលរួមរិះរកគ្រប់មធ្យោបាយដោះស្រាយ។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើរអាជ្ញាធរមានសមត្ថកិច្ច សូមចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងអំឡុងពេលមានការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នាពេលខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវិដ-១៩ ដែលកំពុងរីករាលដាលក្នុងពិភពលោក។ សូមមេត្តាប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ” យើងភ្លេចកូវីដ-១៩ ប៉ុន្តែជំងឺកូវីដ-១៩ មិនអាចភ្លេចយើងទេ ” សូមមេត្តាសហការចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ នេះឆ្លងចូលសហគមន៌យើងបានដាច់ខាត ដើម្បីសុវត្ថិភាព សុខភាពទាំងអស់គ្នា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី