នាថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូរ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ និងក្រុមហ៊ុន ខេវ័ន ប៉េស កុងត្រូល (K1 Pest Control) មកពីសាធារណរដ្ឋកូរ៉េ អញ្ជើញចុះជួបសំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ នៃកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំសមាគមរាជសីហ៍ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងផ្តល់អំណោយមនុស្សធ៌មរួមមាន ខោអាវកីទ្បាចំនួន៥០០កុំប្លេរ, ម៉ាស់ចំនួន៥០០០, ជែលលាងដៃចំណុះ ៥០០ml ចំនួន១០០ដប, អាល់កុលចំណុះ ៥០០ml ចំនួន៦០ដប, ប្រដាប់វាស់កម្ដៅចំនួនបី និងថវិកាចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មក បានដាំដើមគ្រញូងក្នុងកងពល ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ៕