លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញចុះជួប
ថ្ងៃទី 22 ខែកក្កដា ឆ្នាំ2024
នារសៀលថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល និងក្រុមប្រឹក្សាឃុំព្រៃទឹង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រ ( ជនចាស់ជរា និង ស្រី្តម៉េម៉ាយ ) រស់នៅឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ១០គ្រួសារ ។
ក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការសួរសុខទុកពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍/ ជំងឺអេដស៍ ជាដើម។ ជាមួយគ្នានោះ លោកជំទាវ ក៏បានលើកឡើងអំពីការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងតស៊ូរំដោះប្រទេសជាតិយើងពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យដូចអ្វីឃើញផ្ទាល់នឹងភ្នែកស្រាប់នាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានោះ លោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម ដែលកើតឡើងដោយសារបម្រែបម្រួលអាកាស និងសូមឲ្យប្រកាន់យកភ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជៀសវាងការកើតជំងឺឆ្លង និងជំងឺរាលត្បាតផ្សេងៗ។
ក្នុងពិធីចុះសំណេះសំណាលនោះ លោកជំទាវ ក៏បាននាំយកអំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ មី ០១កេស ស្ករស ០១កញ្ចប់ តែ ០១កំប៉ុង ទឹកស៊ីអ៊ីវ ០១យួរ មីសួរ ០១កេស សរសៃគុយទាវ ០១កញ្ចប់ នំធុង ០១ធុង នំ ០១ប្រអប់ តាំងហ៊ុន ០១កញ្ចប់ ម្ស៉ៅស៊ុប ០១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទពាក់ព័ន្ធ