គណៈកម្មការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញ ជួបសវនាការការងារជាមួយប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងប្រធាន អនុប្រធាន ព្រមទាំងតំណាងមន្ទីរជំនាញអង្គភាពពាក់ព័ន្ធខេត្ត នៅសាលប្រជុំសាលាខេត្តកោះកុង ។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានសម្តែងនូវមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធខេត្ត ក្នុងការទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូអញ្ចើញចុះមកបំពេញបេសកកម្មនៅលើទឹកដីខេត្តកោះកុងនាឱកាសនោះ។
លោកជំទាវ ក៏បានជម្រាបជូនអំពី មុខងារ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដោយផ្តោតលើមុខងារសំខាន់ៗទាំង៣ របស់គណៈកម្មការជំនាញព្រឹទ្ធសភា រួមមាន ៖ មុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន និងគោលបំណងបេសកកម្ម គឺដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ក៏ដូចជាវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានាក្នុងខេត្តកោះកុងនេះ។ ជាងនេះទៅទៀត លោកជំទាវប្រធាន គណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលកើតមានក្នុងខេត្ត ។