សមាគមនារីកម្ពុជា ចូលរួមពិធីរំលឹកខួបលើកទី៤០ ទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាពនិរតីវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជា ទទួលបានជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត
ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាកត្តិយសចូលរួម ពិធីរំលឹកខួបលើកទី៤០ ទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាពនិរតីវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាទទួលបានជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសហការរៀបចំដោយ សហព័ន្ធនារីវៀតណាម ជាមួយនឹងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសាលប្រជុំសណ្ឋាគារHOA BINH RACH GIA RESORT ដែលស្ថិតក្នុងខេត្តគៀនយ៉ាង ប្រទេសវៀតណាម។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ង្វៀន ធីធូហា សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលដឹកនាំដោយលោកជំទាវ មាន សំអាន បានអញ្ជើញមកទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបានផ្តល់កត្តិយសអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៤០ ទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាពនិរតីវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាទទួលបានជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាពេលនោះ។ លោកជំទាវបានរំលឹកអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ចំណងសាមគ្គីភាព ដ៏ស្អិតរមួតក្នុងការប្រយុទ្ធ ប្រឆាំងសត្រូវរួមជាច្រើនជំនាន់មកហើយ ព្រមទាំងសកម្មភាព ដែលប្រជាជន និងនារីនៃប្រទេស ទាំងពីរកម្ពុជា-វៀតណាម ដែលបានអនុវត្ត និងត្រូវបន្តអនុវត្តនៅក្នុងពេលខាងមុខតាមគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរបានដាក់ចេញ ដើម្បីវឌ្ឍនភាពរបស់ប្រទេសទាំងពីរ។
ក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ មាន សំអាន បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធនារីវៀតណាម ដែលបានផ្តូចផ្តើគំនិត និងគាំទ្រឱ្យមានកម្មវិធីទស្សនកិច្ច និងការជួបជុំគ្នារវាងនារីកម្ពុជា-វៀតណាមនាពេលនេះ ដើម្បីជាការរំលឹក និងការចងចាំអំពីការឈឺចាប់ សោកនាដកម្មរបស់ប្រជាជន និងនារីនៃប្រទេសទាំងពីរ ដែលបង្កឡើងដោយពួកប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី និងពិធីខួបទី៤០ឆ្នាំ ទិវាជ័យជំនះ៧មករា ថ្ងៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម។
លោកជំទាវ មាន សំអាន បានរំលឹកកាលពីជាង៤០ឆ្នាំមុនថា តាំងពីឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ជាពិសេសសង្គ្រាម និងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានបង្កឡើងចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរយៈពេលជាង៣ឆ្នាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត បានប្រែក្លាយកម្ពុជាទៅជាវាលពីឃាតពោរពេញដោយសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានសម្លាប់ ររង្គាលយ៉ាងអណោចអធម ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបានបំផ្លាញទាំងស្រុង។
លោកជំទាវ មាន សំអាន បានបន្តថា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ គឺមានតែកម្លាំងនយោបាយតែមួយគត់ ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដោយមានការគាំទ្រពីសំណាក់កងទ័ពស័្មគ្រចិត្តវៀតណាម បានដឹកនាំប្រជាជនក្រោកឈរប្រយុទ្ធយ៉ាងអង់អាចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក៏បានធ្វើឱ្យរបបមួយនេះដួលរលំ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
លោកជំទាវ មាន សំអាន បានបញ្ជាក់ថា ការប្រារព្វពិធីជួបជុំនាពេលនេះ ក៏ជាការរំលឹកនូវការចងចាំមិនអាចបំភ្លេចបានចំពោះមហាឧក្រិដ្ឋកម្មដ៏សាហាព្រៃផ្សៃបំផុតនៃរបបកម្ពុជា ប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើខេត្តជាប់ព្រំដែនមួយចំនួនរបស់ប្រទេសវៀតណាម និងមកលើមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងស្មារតីនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ ព្រមទាំងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពក្នុងការតស៊ូផ្តូលរំលំរបបប្រល័យពូជសាសន៍ និងការពារមិនឱ្យរបបនេះអាចវិលត្រឡប់មកកម្ពុជាជាថ្មីវិញបានឡើយ។
លោកជំទាវ មាន សំអាន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-វៀតណាម បានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ គឺជាបងប្អូនផង ជាមិត្តស្និទ្ធស្នាលផង ព្រមទាំងអ្នកជិតខាងល្អផង និងជាយុទ្ធមិត្តដែលធ្លាប់បានរួមសុខ រួមទុក្ខជាមួយគ្នា ប្រយុទ្ធតស៊ូជាមួយនឹងសត្រូវរួម ហើយទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលមកហើយ និងបានពលីសាច់ស្រល់ ឈាមស្រស់របស់យុទ្ធជន យុទ្ធនារីវៀតណាមក្នុងការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាវជ្រៅចំពោះសហព័ន្ធនារីវៀតណាម ដែលតាំងពីក្រោយថ្ងៃរំដោះរហូតមកដល់បច្ចុប្បន្ននេះ បានផ្តល់ និងបន្តផ្តល់នូវការគាំទ្រទាំងស្មារតី សម្ភារ ថវិកា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីកសាងធនធានមនុស្សដែលប្រកបដោយសមត្ថភាព គុណភាព និងជំនាញសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា៕
អត្ថបទពាក់ព័ន្ធ