គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិក្ខាកាមនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រះវិហារ- យ៉ាឡាយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ថ្ងៃទី 23 ខែឧសភា ឆ្នាំ2025
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា)ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិក្ខាកាម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រះវិហារ-យ៉ាឡាយ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិ ហារ ដោយមានការអមដំណើរពីលោកប្រធានមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
បន្ទាប់ពីបានស្តាប់ការធ្វើរបាយការណ៍ស្តីពីការកសាង និងការអនុវត្តការងាររបស់មជ្ឈមណ្ឌល ដោយលោកនាយកមជ្ឈមណ្ឌលរួចមក លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា បានកោតសរសើរចំពោះការលះបង់ពេលវេលា និងការចាក ឆ្ងាយពីស្រុក កំណើតរបស់លោកគ្រូអ្នកគ្រូទាំងអស់ និងបានពុះពាររាល់ការលំបាកដើម្បីបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់សិក្ខាកាម ជាប្រជាពលរដ្ឋ ដែលរស់ នៅតំបន់អភិវឌ្ឍសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកជំទាវ ក៏បានសំណូមពរសូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ បន្តការខិតខំប្រឹង ប្រែងអនុវត្តការងាររបស់ខ្លួនបន្តទៀត គឺធ្វើយ៉ាងណា ពន្យល់ណែនាំប្រជាពលរដ្ឋឲ្យមក ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបានច្រើនជាងនេះថែមទៀត។ ដោយឡែកអាជ្ញាធរ ខេត្ត ដែល មានប្រធានមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតាមដាននិងស្វែងយល់ឲ្យបានល្អប្រសើរអំពីផលលំបាករបស់មជ្ឈមណ្ឌលបានជួប ប្រទះ។
ក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានផ្តល់ថវិកាចំនួន១.០០០.០០០រៀល ជូនដល់លោកគ្រូអ្នកគ្រូ ដោយឡែកសិក្ខាកាមចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានសារុង០១៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ