Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង

   ថ្ងៃទី 2 ខែមេសា ឆ្នាំ2025
co8_1_4_2015_1 co8_1_4_2015_2

នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ចាម លោកជំទាវ មាន សំអាន អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយផលប៉ះពាល់នៃការ ប្រើប្រាស់គ្រឿងស្រវឹង។


ថ្លែងក្នុងឱកាសបិទអង្គសិក្ខាសាលា លោកជំទាវ មាន សំអាន អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា តាមរយៈដំណើរការនៃអង្គសិក្ខាសាលាពេញមួយព្រឹកនេះ ទទួលបានព័ត៌មានថ្មីៗជាក់លាក់អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងចំពោះសង្គម ព្រមទាំងវិធានការមួយចំនួនក្នុងការកាត់បន្ថយ ឬកម្រិតក្នុងការប្រើប្រាស់គ្រឿងស្រវឹង សំដៅដល់លើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសឆ្លងតាមការពិភាក្សាយ៉ាងផុសផុល ការផ្តល់នូវមតិយោបល់ និងបទពិសោធន៍ល្អៗពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបទបង្ហាញរបស់វាគ្មិនទាំងអស់ បានធ្វើឲ្យអង្គសិក្ខាសាលារបស់យើងទទួលបាននូវព័ត៌មានថ្មីៗជាច្រើន ក្នុងការរិះរកវិធីសាស្ត្រ និងដំណោះស្រាយល្អៗ សម្រាប់អភិវឌ្ឍគោលនយោបាយសុខភាពសាធារណៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា សំដៅដល់ការកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច សង្គម។ ចំពោះកង្វល់នានា ទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការសមស្រប និងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
លោកជំទាវ បានមានប្រសាសន៍សង្កត់ធ្ងន់ថា បើយើងក្រឡេកមើលលើការអប់រំអំពីបញ្ហាគ្រឿងស្រវឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន យុវនារី គឺមិនទាន់បានទូលំទូលាយ និងស៊ីជម្រៅនៅឡើយទេ តែបើមើលទៅលើប្រព័ន្ធនៃការផ្សព្វផ្សាយព័ត៌មាន ឃើញថាការផ្សព្វផ្សាយគ្រឿងស្រវឹងមានភាពគគ្រឹកគគ្រេង និងតែងតែប្រើប្រាស់រូបភាពគ្រប់បែបយ៉ាងដើម្បីអូសទាញអ្នកប្រើប្រាស់ តាមរយៈការផ្តល់រង្វាន់ រូបភាពទាក់ទាញ និងការប្រើប្រាស់សារបំភ័ន្តខុសពីការពិតដូចជា មោទនភាពជាតិខ្មែរ បេះដូងខ្មែរ ជាដើម។
លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា ផុសចេញពីការផ្តល់យោបល់ និងកិច្ចពិភាក្សារបស់សិក្ខាសាលា សង្កេតឃើញថា ការផ្លាស់ប្តូរបទពិសោធន៍ ការយល់ឃើញ និងសំណូមពររបស់សិក្ខាកាម ដែលលើកឡើងមានលក្ខណៈសមរម្យ ត្រឹមត្រូវ ធ្វើឲ្យខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ គឺជាការបង្កឱកាសក្នុងការបង្កើនការប្រាស្រ័យទាក់ទងគ្នាឲ្យកាន់តែជិតស្និរវាងសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសគឺធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងដើម្បីរួមចំណែកកាត់បន្ថយគ្រប់ទម្រង់អំពើហិង្សាលើស្រ្តីនិងកុមារ៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី