លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មវិធីប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភី ការប្រកូតតែងកំណាព្យ និងគូសគំនូរ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងវិធានការមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង
ថ្ងៃទី 29 ខែមីនា ឆ្នាំ2025
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ រាធានីភ្នំពេញ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មវិធីប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភីការប្រកួតតែងកំណាព្យ និងគូសគំនូរស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងវិធានការមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដែលរៀបចំដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH)។
ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្នាដៃប្រកបដោយទេពកោសល្យ និងពោរពេញដោយអត្ថន័យ អត្ថរូប និងអត្ថរស់របស់ជ័យលាភីទាំងផ្នែកតែងកំណាព្យ និងផ្នែកគំនូសគំនូរ ដោយការប្រកួតប្រជែងនេះបានធ្វើឡើងប្រកដោយតម្លាភាព និងសុក្រឹតភាព ទាំងការផ្សព្វផ្សាយលក្ខខ័ណ្ឌនៃការចូលរួម និងការដាក់ពិន្ទុលើវិញ្ញាសារសម្រាប់ប្រគួតប្រជែងផងដែរ។
លោកជំទាវ បានមានប្រសាសន៍បន្តថា ការប្រគួតប្រជែងនេះត្រូវបានរៀបចំឡើងចំពេលដែលសន្ទុះនៃការប្រើប្រាស់គ្រឿងស្រវឹង កំពុងតែមានការកើនឡើងគួរឲ្យព្រួយបារម្ភ ជាពិសេសក្នុងចំណោមយុវជនដែលជាទំពាំងស្នងប្ញស្សី។ ទន្ទឹមនឹងនោះដែរ ខ្លឹមសារនៃជ័យលាភីទាំងកំណាព្យ និងគំនូរបានបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់នៃគ្រឿងស្រវឹង និងវិធានការនានាប្រកបដោយ ប្រសិទ្ធភាពដើម្បីកាត់បន្ថយការប្រើប្រាស់។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា សូមគាំទ្រយ៉ាងមុតមាំចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាក់តែង សេចក្តីព្រាងច្បាប់នេះឡើងដោយមានគោលបំណងជាក់លាក់ គឺដើម្បីទប់ស្កាត់ហានិភ័យ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។ ហើយសូមអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ពិសេសក្រសួងព័ត៌មាន មេត្តាជួយផ្សព្វផ្សាយបន្ថែមទៀត អំពីផលប៉ះពាល់នៃគ្រឿងស្រវឹងជូនដល់ប្រជាពលរដ្ឋ។
លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិស្ស និស្សិត សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង និងខិតខំសិក្សាស្រាវជ្រាវបំពេញចំណេះវិជ្ជាដើម្បីក្លាយខ្លួនទៅជាយុវជនល្អនិងជាទំពាំងស្នងប្ញស្សីសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។
បន្ទាប់មកលោកជំទាវ មាន សំអាន ក៏បានផ្តល់កិត្តិយសប្រគល់រង្វាន់ជូនដល់បេក្ខជនដែលទទួលបានជ័យលាភី ក្នុងការប្រកូតតែងកំណាព្យ និងគូសគំនូរ និងថតរូបទុកជាអនុស្សាវរីយ៍៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ