លោកជំទាវ មាន សំអាន អញ្ជើញធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទីភារកិច្ច របស់ព្រឹទ្ធសភា ជូននិស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រ
ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ2025
នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨ ព្រឹទ្ធសភា) បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់និស្សិតចំនួន៤០នាក់មកពី សកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រឹទ្ធសភា។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថាសាធារណជនអាចចូលរួមស្វែងយល់អំពីការធ្វើច្បាប់ នីតិវិធីពិនិត្យច្បាប់របស់ព្រឹទ្ធសភា ការប្រឹក្សាយោបល់ជាសាធារណនៅក្នុងដំណើរការនីតិកម្ម និងការអង្កេត ការពិភាក្សាដេញដោលច្បាប់ នៅព្រឹទ្ធសភា និងអំពីដំណើរ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា នីតិកាលទី៣។ សមាជិកព្រឹទ្ធសភា មានចំនួន៦១រូប ដែល០២រូប ជ្រើសតាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង៥៧រូបជ្រើសរើសដោយការបោះឆ្នោតជាអសកល គឺមានន័យថា បោះឆ្នោតដោយតំណាងរាស្ត្រក្នុងមុខតំណែង និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង០៨ភូមិភាគ។
លោកជំទាវ បានបន្តមានប្រសាសន៍ថា ព្រឹទ្ធសភាមានមុខងារសំខាន់ៗចំនួន០៣ គឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ហើយមុខងារទាំងបីនេះមាន សារសំខាន់ណាស់ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាលបាន នឹងកំពុង តាក់តែងឡើងកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គម ជាតិ និងប្រជាពលរដ្ឋទូទាំង ប្រទេសឲ្យកាន់តែមានតម្លាភាព និងសុក្រឹតយុត្តិធម៌។
លោកជំទាវប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឲ្យខិតខំសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមទៀតពី ស្ថាប័នព្រឹទ្ធសភា ដើម្បីឲ្យកាន់តែច្បាស់អំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា។ ទន្ទឹមនឹងនោះត្រូវខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿង ញៀន គ្រឿងស្រវឹង ដើម្បីអនាគតក៏ដូចជាដើម្បីសង្គមជាតិរបស់យើងផងដែរ។
បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក និស្សិតក៏បានអញ្ជើញទស្សនា សាលប្រជុំពេញអង្គព្រឹទ្ធសភា សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារនានា ក្នុងបរិវេណវិមានព្រឹទ្ធសភា៕
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ