លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ2025
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ប៉ាល់ យឿន អភិបាលរង និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង លោក ផូល ផុលផឺលលៀរ នាយកក្រុមហ៊ុនកូកាកូឡាកម្ពុជា លោកស្រី ឈុំ ចាន់សុខ ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង និងតំណាងមន្ទីរនានានៅជុំវិញខេត្តកំពង់ឆ្នាំង។
លោក ផូល ផុលផឺលលៀរ នាយកក្រុមហ៊ុនកូកាកូឡាកម្ពុជា បានមានប្រសាសសន៍ថាសមិទ្ធផលនេះ គឺជាការរួមរបស់ក្រុមហ៊ុនកូកាកូឡា ដើម្បីរួមចំណែកធ្វើឱ្យមានការប្រសើរឡើងនូវស្ថានភាពសុខភាពនិងជីវភាពរបស់ប្រជាពលរដ្ឋមួយភាគ។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង ដោយបានអញ្ជើញចូលរួមក្នុងពិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡានាពេលនេះ។
លោកជំទាវ បានមានប្រសាសន៍បន្តថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពដើម្បីលើកកម្ពស់ស្ថានភាព ជីវភាព សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាពិសេសស្ត្រីនិងកុមារ។ជាមួយគ្នានោះទិសដៅរបស់សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១១-២០១៥ គឺកសាងគ្រួសារ និងសហគមន៍ឲ្យមានសុភមង្គលពិតប្រាកដ។
លោកជំទាវ បានមានប្រសាសន៍បន្តទៀតថាទឹកគឺជាជីវិត បើគ្មានទឹកទេមនុស្ស សត្វ និងរុក្ខជាតិមិនអាចរស់រានបានឡើយ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលអត្រាប្រជាជនទទួលបានសេវាទឹកស្អាតសម្រាប់ប្រើប្រាស់ទាប់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយ គ្នានោះការប្រើប្រាស់ទឹកមិនស្អាតដូចជាទឹកបឹង ត្រពាំងដែលនៅក្នុងភូមិ ឃុំ វាអាចបណ្តាលឱ្យមនុស្សចាស់ ជាពិសេសកូនក្មេងកើតមានជំងឺផ្សេងៗដូចជារាគ គ្រុនពោះវៀន ឈឺក្រពះ រមាស់ និងជំងឺផ្សេងៗជាច្រើនទៀត។ កត្តានេះវាអាចបណ្តាលឱ្យសុខភាពរបស់បងប្អូនទ្រុឌទ្រោម ឫអាចបណ្តាលឱ្យស្លាប់បាន។
លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដោយសម្រេចឱ្យបានការផ្គត់ផ្គង់ទឹកស្អាត៥០% និងអនាម័យ៣០% នៅឆ្នាំ២០១៥។
លោកជំទាវ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនកូកាកូឡា ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្រីក្រកន្លងមក គឺជារួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសម្រេចជោគជ័យនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាហើយសង្ឃឹមថាក្រុមហ៊ុនកូកាកូឡានៅតែបន្តជួយឧបត្ថមបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យជោគជ័យផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាល។
ក្នុងឱកាសនោះលោកជំទាវ ក៏បានប្រគល់ទឹកក្រូចកូកាកូឡាជូនប្រជាពលរដ្ឋមកពី ភូមិកំពង់អូស ភូមិផ្សារឆ្នាំង ភូមិផ្សារលើ ភូមិចុងកោះ ភូមិសំរោង ភូមិកណ្តាល ភូមិត្រពាំងបី និងភូមិកោះក្របី សរុបទាំងអស់ចំនួន៨០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន០២ដប(១ដប=២លីត្រ)៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ