លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីការវិវឌ្ឍនៃការអនុវត្តអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់
ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2025
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាបណ្តាល័យព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការវិវឌ្ឍនៃការអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់។
ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលាលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា តាមរយៈដំណើរការនៃ អង្គសិក្ខាសាលាពេញមួយព្រឹកនេះ យើងទាំងអស់គ្នា បានស្វែងយល់កាន់តែច្បាស់អំពីផលប៉ះពាល់គ្រោះថ្នាក់នៃផលិតផលថ្នាំជក់ ចំពោះអាយុ ជីវិតមនុស្ស និងបន្ទុកដ៏ធ្ងន់ធ្ងររបស់រដ្ឋក្នុងការចំណាយទៅលើការទប់ស្កាត់ និងព្យាបាលជំងឺ។ ជារៀងរាល់ឆ្នាំថ្នាំជក់បានសម្លាប់មនុស្ស ប្រមាណ៦លាននាក់ នៅលើពិភពលោកនិយាយរួម និងប្រហែល១ម៉ឺននាក់នៅកម្ពុជានិយាយដោយឡែក។
លោកជំទាវ បានមានប្រសាសន៍បន្តថា ឆ្លងតាមការពិភាក្សាយ៉ាងផុសផុល ការផ្តល់នូវមតិយោបល់ និងបទពិសោធន៍ល្អៗពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបទបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិ បានធ្វើឲ្យអង្គសិក្ខាសាលាទទួលបាននូវចំណេះដឹងជាច្រើនក្នុងការរិះរកវិធីសាស្រ្ត និងដំណោះ ស្រាយល្អៗសម្រាប់អភិវឌ្ឍគោលនយោបាយសុខភាពសាធារណច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីត្រួតពិនិត្យផលិតផលថ្នាំជក់ និង កាត់បន្ថយ ផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ជាមួយគ្នានេះ បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ ទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសសភា និងក្រសួងជំនាញពាក់ព័ន្ធចាត់វិធានការសមស្រប និងប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយផលប៉ះពាល់ទាំងនេះ។ រាល់កិច្ចសហការ និងការចែករំលែកបទពិសោធន៍ជាលក្ខណៈជាតិ និងអន្តរជាតិ ពិតជាជម្រើសដ៏ល្អ និងមានគុណតម្លៃខ្លាំងណាស់ ដើម្បីសិក្សា ស្វែងយល់ពីគ្នាទៅវិញទៅមក។
លោកជំទាវ បានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីសម្រាលស្ថានការណ៍ និងកាត់បន្ថយបញ្ហាប្រឈមទាំងនេះ រាល់ការចាត់វិធានការ គឺត្រូវតែផ្តោត ជាចម្បងទៅលើសុខភាពសាធារណៈ និងសុខុមាលភាពសង្គម។ ជាងនេះទៅទៀត វិធានការសំខាន់ និងមានប្រសិទ្ធភាពបំផុតសម្រាប់ រយៈពេលវែងគឺការអប់រំ និងការកែប្រែឥរិយាបថរបស់សង្គម ពិសេសឥរិយាបថរបស់យុវជន យុវនារី ព្រោះយុវជន យុវនារី ជាកម្លាំងស្នូលរបស់ជាតិ និងជាទំពាំងស្នងឫស្សី។ ក្នុងន័យនេះវិធានការច្បាប់ ឬគោលនយោបាយសុខភាពសាធារណៈ ត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយ និង អនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ