គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង
ថ្ងៃទី 8 ខែមករា ឆ្នាំ2025
នាព្រឹកថ្ងៃទី០៦ ខែកមរា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត។
ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញ មកដល់ របស់គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដែលបានអញ្ជើញចុះ បំពេញបេសកកម្ម ដើម្បីសិក្សាស្វែងយល់ពីករណីធ្វើតេស្តឈាមរកមេរោគអេដស៍ និងករណីប្រជាពលរដ្ឋឆ្លងមេរោគអេដស៍នៅឃុំរកា ស្រុកង្កែ ខេត្តបាត់ដំបង។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ស្ថានភាពដែលកំពុងកើតឡើងនេះ រដ្ឋបាលខេត្តរួមជាមួយមន្ទីរសុខាភិបាលខេត្ត បានយកចិត្តទុកដាក់ និងបានចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាកង្វល់ពីសុខភាព ឱ្យមានសេចក្តីសង្ឃឹមក្នុងជីវិត កុំមានការភ័យ ព្រួយបារម្ភពីសុខភាព ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត បានខិតខំរកគ្រប់មធ្យោបាយក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងតែមានបញ្ហានេះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ការធ្វើតេស្តឈាមរកមេរោគអេដស៍មានចំនួន០៦ភូមិគឺភូមិរកា ភូមិអំបែងថ្ងែ ភូមិពោធិ៍បាត់ដំបង ភូមិតាហែន១ ភូមិតាហែន២ និងភូមិឈូងត្រដក់នៅក្នុងឃុំរកា ដែលមានប្រជាពលរដ្ឋមកពិនិត្យសរុបចំនួន១.៧០២នាក់ ក្នុងនោះ ស្រីមាន ៩៨៤នាក់ អ្នកដែលផ្ទុកមេរោគអេដស៍មានចំនួន២១៤នាក់គិតត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ដែលបានចំណាយពេលវេលាចូលរួមពិភាក្សាការ ងារ ជាមួយនឹងគណៈប្រតិភូនាពេលនេះ។
លោកជំទាវ បានមានប្រសាសន៍បន្តថា គោលបំណងគណៈកម្មការចុះមកនាពេលនេះគឺចង់ដឹងពីសកម្មភាពការងារដែលអនុវត្តនាពេល កន្លងមក ក៏ដូចជាការអនុវត្តការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥របស់មន្ទីរសុខាភិបាលខេត្ត ជាពិសេសផ្តោតសំខាន់លើ ការធ្វើតេសឈាមរកមេរោគអេដស៍ និងករណីប្រជាពលរដ្ឋឆ្លងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងផងដែរ។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ខេត្តបាត់ដំបងគឺជាខេត្តដែលទទួលបានការអភិវឌ្ឍន៍ខ្ពស់ខាងផ្នែកសុខាភិបាល សេដ្ឋកិច្ច អប់រំ និងវិស័យផ្សេងៗទៀត។ស្របនឹងការអភិវឌ្ឍនេះ សូមឱ្យអាជ្ញាធរខេត្ត ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរិះរកវិធានការណ៍ក្នុង ការទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ និងបន្តការធ្វើតេស្តឈាមរកមេរោគអេដស៍បន្ថែមទៀតផងដែរ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ