លោកជំទាវ ពុំ សុីចាន់ ថ្លែងបើកអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីគ្រឿងស្រវឹង និងព្រះពុទ្ធសាសនា
ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2025
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ លោកជំទាវ ពុំ សុីចាន់ អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨ព្រឹទ្ធសភា) បានអញ្ជើញថ្លែងបើក អង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីគ្រឿងស្រវឹង និងព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ សិស្សនិស្សិត តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងសុខាភិបាល និងតំណាងអង្គការCMH ។
ថ្លែងបើកអង្គសិក្ខាសាលា លោកជំទាវ ពុំ សីុចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ ណាស់ក្នុងការអប់រំ និងការទប់ស្កាត់ហានិភ័យនានា ដែលបង្ករឡើងដោយគ្រឿងស្រវឹង។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា គ្រឿងស្រវឹងបានបង្ករបញ្ហាជាច្រើនដល់សង្គមជាតិទាំងមូលរួមមាន៖ ជំងឺឆ្លង ជំងឺមិនឆ្លង អំពើហិង្សា ការចាប់រំលោភសេពសន្ទវៈ អំពើឃាតកម្ម ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ភាពក្រីក្រ គ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់ផលិតភាព និងគុណភាពការងារ និងបញ្ហាអសន្តិសុខនានានៅក្នុងសង្គម។ ទោះជាគ្រឿងស្រវឹងកំពុងបង្ករបញ្ហាជាច្រើនដល់សង្គមយ៉ាងណាក៏ដោយគ្រឿងស្រវឹងនៅតែទទួលបានការពេញនិយមពីបណ្តាប្រទេសជាច្រើនក្នុង
សកលលោក។ ដោយឡែកនៅប្រទេសកម្ពុជាគ្រឿងស្រវឹងកំពុងតែវាយលុកយ៉ាងខ្លាំគួរឱ្យព្រួយបារម្ភ ពិសេសក្នុងស្រទាប់យុវជនដែលជាទំពាំងស្នង ឫស្សីរបស់ប្រទេសជាតិ។
លោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា ដោយមើលឃើញនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើងដោយបញ្ហាគ្រឿងស្រវឹង អង្គសិក្ខាសាលាថ្នាក់ ជាតិមួយស្តីអំពីគ្រឿងស្រវឹង និងព្រះពុទ្ធសាសនា ត្រូវបានរៀបចំឡើងនាព្រឹកនេះ ដើម្បីរិះរកវិធានការសមស្រប និងប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដាក់បញ្ចូលថ្ងៃសីល ថ្ងៃមាឃបូជា និងវិសាខបូជា ទៅក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ