គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចុះសិក្សាឈ្វេងយល់ពីការទប់ស្តាត់ការធ្វើអាជីវកម្មពលកម្មលើកុមារ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅខេត្តកែប
ថ្ងៃទី 5 ខែតុសា ឆ្នាំ2025
ដោយឡែកនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តកែប គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសិក្សាឈ្វេងយល់ពីការទប់ស្តាត់អំពីការធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ និងបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងខេត្តកែប។
ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែបមានតំបន់ភូមិសាស្ត្រតូច ព្រមទាំង មានប្រជាជនតិច ហើយជាខេត្តដែលអំណោយផលដល់ វិស័យទេសចរណ៍ផងនោះ ថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ទីរជំនាញនានា ពាក់ព័ន្ធ បានខិតខំយកចិត្តទុកដាក់ចាត់វិធានការទប់ស្តាប់ និងបង្រ្កាបបទល្មើសនានាក្នុងខេត្ត ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ពិសេសចំពោះការធ្វើអាជីវកម្ម ពលកម្មលើកុមារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ គឺខេត្តកែបមានលក្ខណៈល្អប្រសើរ មិនមានបទលើ្មស កើតឡើង។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការចុះបេសកកម្ម របស់គណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់ពីការទប់ស្តាត់អំពីការធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ និងបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងខេត្តកែប។
លោកជំទាវ បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានមុខងារសំខាន់បី គឺទី១-មុខងារនីតិកម្ម ដែល ជាមុខងារធ្វើច្បាប់និងអនុម័តច្បាប់ ទី២-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យក្នុងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងទី៣- មុខងារតំណាង ដែលជាមុខងារតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ លោកជំទាវ ក៏មានប្រសាសន៍វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ទីរខេត្តកែប ដែលតែងតែខិតខំយកចិត្តដាក់ ក្នុងការបំពេញតួនាទីភារកិច្ច និងចុះអនុវត្តការងារជាប្រចាំ ព្រមទាំងចាត់វិធានការទប់ស្កាត់បទល្មើសនានា ក្នុងខេត្តកែបបាន ទាន់ពេលវេលា ហើយជាពិសេសបានអភិវឌ្ឍនខេត្តកែបបានយ៉ាងឆាប់រហ័ស ដែលអាចទាក់ទាញទេសចរណ៍កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ