Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចុះសិក្សាឈ្វេងយល់ពីការទប់ស្តាត់ការធ្វើអាជីវកម្មពលកម្មលើកុមារ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ

   ថ្ងៃទី 2 ខែតុសា ឆ្នាំ2025
com8_02_10_2014_1 com8_02_10_2014_2
com8_02_10_2014_3 com8_02_10_2014_4

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោកជំទាវប្រាក់ ច័ន្ទសុខា អភិបាលរង​នៃគណៈអភិបាល​ខេត្ត​ព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីសិក្សាឈ្វេងយល់ពីការទប់ស្តាត់ការធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្ស​និងធ្វើ​អាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ។
លោកជំទាវ ប្រាក់ ច័ន្ទសុខាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាស​វៃរបស់សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអាណត្តិទី៥នៃរដ្ឋសភា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើ  វិស័យនានា​ក្នុងការកសាងអភិវឌ្ឍន៍ជាតិ។ ជាមួយគ្នានេះខេត្តព្រះសីហនុ បានបង្កើតលិខិតបទដ្ឋាននានា និងក្រុមការងារជាច្រើនដើម្បីទប់ស្កាត់ការធ្វើ​អាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ដូចជាបានបង្កើតក្រុមការងារទប់ស្តាត់ ក្រុមការងារផ្សព្វផ្សាយ ក្រុមការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងាររធ្វើសកម្មភាពបង្រ្កាប និងទប់ស្តាត់ ក្រុមការងារផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងវិស័យតុលាការ និងក្រុមការងារប្រមូលក្រុមក្មេងអនាថារ ដោយមាន​ការចូលរួមពីអង្គការជាដៃគូរ។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការចុះបេសកកម្មរបស់​គណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាឈ្វេង​យល់ពីការទប់ស្តាត់អំពីការធ្វើអាជីវកម្មពលកម្មលើកុមារ ការជួញដូរមនុស្សនិងការធ្វើ​អាជីវកម្មផ្លូវភេទ  និងបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ។
លោកជំទាវ បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានមុខងារសំខាន់បី គឺទី១-មុខងារនីតិកម្ម ដែលជា​មុខងារ​ធ្វើច្បាប់និងអនុម័តច្បាប់ ទី២-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យក្នុងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងទី៣- មុខងារ​តំណាង ដែលជាមុខងារតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រ​ទេសកម្ពុជា។
តាមរយៈរបាយការណ៍ដែលបានលើកឡើងរបស់មន្ទីរនានា លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលតែងតែ​យកចិត្តទុកដាក់ក្នុងការងារកសាង អភិវឌ្ឍន៍ និងដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានក្នុងខេត្ត ហើយ​ពិសេសការបង្កើត​លិខិត​បទដ្ឋាន និងក្រុមការងារនានា​ ដើម្បីទប់ស្កាត់រាល់បទល្មើសនានាដែល កើតមានឡើងចំពោះកុមារ និងស្រ្តី។
បន្ទាប់មកនាថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាក៏បានអញ្ជើញទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជិវៈ​ទី១ និងទី២ ព្រមទាំងអង្គ​ការម្លប់តាប៉ាងដែលជាអង្គការគាំទ្រ និងជួយសង្គ្រោះជនអនាថារ និងកុមារកំព្រារក្នុងខេត្ត​​ព្រះសីហនុ ព្រមទាំង​បានផ្តល់ជាវិភាគទានចែកជូនដល់អង្គការម្ល​ប់តាប៉ាងអង្ករចំនួន៤បាវ ទឹកស៊ីអ៊ីវ២យួរ ត្រីខ១០យួរ និងថវិកាចំនួន១.០០០.​០០០រៀល​(មួយលានរៀល)ផងដែរ។
បន្ទាប់គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាក៏បានចុះជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំវាលរេញ និងប្រជាពលរដ្ឋ​ចាស់ជរាចំនួន៥៥នាក់ ដោយបានផ្តល់ជាអំណោយជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់​ ក្នុងម្នាក់ៗថវិកា៥០.០០០រៀល និងចាស់ជរាចំនួន៥៥​នាក់ ក្នុងម្នាក់ៗមី១កេស សារុង១ និងថិវិកា២០.០០០រៀល រួមវិភាគទានក្នុងការធ្វើផ្លូវចំនួន៤០០.០០០រៀលផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី