លោកជំទាវ មាន សំអាន ដឹកនាំក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យព្យាបាលទូទៅ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តតាកែវ និងខេត្តកណ្តាល
ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2025
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព កម្ពុជា-វៀតណាមប្រចាំព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យ ព្យាបាលជំងឺទូទៅ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន៥៩០នាក់ និងផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រចំនួន៥០នាក់ នៅភូមិអូរពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ និងពិនិត្យព្យាបាលជំងឺ ទូទៅជូនប្រជាពលរដ្ឋចំនួន៥០០នាក់ នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកស្រី ទ្រឿង មីហ៊រ តំណាងគណៈប្រតិភូក្រុមគ្រូពេទ្យ បានមានប្រសាសន៍ថា គោលបំណងនៃគណៈប្រតិភូមកនាពេលនេះ គឺដើម្បីចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយទុក្ខលំបាកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំង ដើម្បីអនុវត្តឲ្យបានល្អនូវអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាសហព័ន្ធនារីវៀតណាម និង សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធ សភា បានសម្តែងការអរគុណ ចំពោះក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលបានយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលជានិច្ចកាលក្រុម សប្បុរសជន និងក្រុមគ្រូពេទ្យវៀតណាមតែងតែបានចុះមកពិនិត្យព្យាបាលជំងឺទូទៅ ព្រមទាំង បានចែកអំណោយ ជូនប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តនានា។
លោកជំទាវ បានបន្តមានប្រសាសន៍ថា វត្តមានរបស់ក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តវៀតណាម បានបង្ហាញឲ្យឃើញនូវ ទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន និង ជាការចូលរួមចំណែកចែករំលែកនូវការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និងចូលរួម លើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងជាការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។
ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមពិនិត្យព្យាបាលជំងឺ នាឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ថ្នាំពេទ្យ០១កញ្ចប់ តែ០១កញ្ចប់ ប្រេងឆា០១ដប មី០១កេស អាវយឺត០២ និងថវិកាមួយចំនួន៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ