នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពត លោកជំទាវ មាន សំអាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកា ស្តីអំពីលើកកម្ពស់សមធម៌យេនឌ័រ ដើម្បីប្រសិទ្ធភាពដឹកនាំ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់តំណាងក្រសួង មន្ទីរជំនាញជុំវិញខេត្ត និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលអញ្ជើញមកពីខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។
ថ្លែងក្នុងឱកាសបិទវេទិកា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភានិងជាអនុប្រធាន ក្រុមសមាជិកាព្រឹទ្ធសភា បានមានប្រសាសន៍ថា ឆ្លងតាមកិច្ចដំណើរការរយៈពេលមួយថ្ងៃដែលពោរពេញ ទៅដោយភាពមមាញឹកពិតជាទទួលបានលទ្ធផលជោគជ័យជាវិជ្ជមានយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់ចូលរួមយ៉ាងសកម្មដោយគ្មាននឿយហត់ ដើម្បីរួមគ្នាប្រមូលផ្តុំគំនិត យោបល់ បទពិសោធន៍ល្អៗដ៏មានតម្លៃ និងជាគុណប្រយោជន៍សម្រាប់សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្នាក់មូលដ្ឋានជាពិសេសជំរុញថ្នាក់ដឹកនាំជាស្ត្រីឲ្យ មានឱកាស និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ចូលរួមបំពេញការងារគ្រប់គ្រង ដឹកនាំប្រកបដោយសមធម៌ នៅថ្នាក់មូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។
លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបទអន្តរាគមន៍ ចែករំលែកមតិ យោបល់ អនុសាសន៍ល្អៗ ដែលផ្តោតសំខាន់ការងារលើកកម្ពស់សមធម៌យេនឌ័រ ដើម្បីប្រសិទ្ធភាពដឹកនាំ និងការងារជំរុញសេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។ ទន្ទឹមនឹងនេះតាមរយៈការធ្វើបទអន្តរាគមន៍របស់តំណាងក្រសួងមន្ទីរជំនាញនានា បានផ្តល់លទ្ធផលល្អជា ផ្លែផ្កាយ៉ាងច្រើន ដែលបានប្រមូលផ្តុំបញ្ហាជាក់ស្តែង ដែលជាកង្វល់ ឬជាសំណូមពរនានា ដើម្បី រួមគ្នាដោះស្រាយ ព្រមទាំងបានចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការអភិវឌ្ឍសមត្ថភាពឲ្យស្របតាមបរិបទកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលអាណត្តិទី៥នៃរដ្ឋសភា៕
អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន