លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទវេទិកា ថ្នាក់ស្រុកស្តីពី “សេវាសាធារណៈរបស់ឃុំ” នៅស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ថ្ងៃទី 23 ខែមីនា ឆ្នាំ2025
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦(ខេត្តព្រៃវែង និងខេត្តស្វាយរៀង)បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី“សេវាសាធារណៈរបស់ឃុំ”នៅស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្តព្រៃវែង ប្រធានរតនាគារខេត្ត ប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក អធិការស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំនិង មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសរុបចំនួន១៥១រូប ដែលអង្គវេទិកានេះប្រារព្ធធ្វើនៅវត្តព្រៃស្លា ភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ថ្លែងក្នុងពិធីបើកវេទិកានាពេលនេះ លោកជំទាវ មាន សំអានប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានមានប្រសាសន៍ថា វេទិកានេះធ្វើឡើងក្នុងគោលបំណងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រឹទ្ធសភាជាមួយនឹងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាម្ចាស់ឆ្នោត ផ្តល់ឱកាសដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់បញ្ចេញមតិយោបល់ និងបង្ហាញអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក និងប្រមូលផ្តុំព័ត៌មានទាក់ទងនឹងរាល់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរកវិធីសាស្រ្តកែលម្អក្នុងការពង្រឹងអភិបាលកិច្ចមូលដ្ឋាន ស្វែងយល់ពីទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋានបន្ថែមទៀត។ លោកជំទាវបានមានប្រសាសន៍បន្តថា កន្លងមកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានចុះស្រាវជ្រាវប្រមូលព័ត៌មាន អំពីការប្រឈម និងសំណូពរនានារបស់ក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកស៊ីធរកណ្តាល និងស្រុកពារាំង ហើយទាក់ទងនឹងការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការ បានរកឃើញនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនដូចជា៖ ការងារសេវាសាធារណៈការងារផែនការ ការអភិវឌ្ឍន៍មូលដ្ឋាន ការពង្រឹងសមត្ថភាពនិងការងារភូមិ ឃុំមានសុវត្ថិភាពជាដើម។ទន្ទឹមនឹងការរកឃើញការប្រឈមនិងសំណូមពរខាងលើនេះ អង្គវេទិកានឹងផ្តល់ឱកាសដល់សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ និងស្មៀនឃុំលើកឡើងនូវការប្រឈម និងសំណូមពរជាក់ស្តែងបន្ថែមទៀតតាមរយៈការបែងចែកជាបីក្រុមគឺ៖ ក្រុមទី១ពិភាក្សាអំពីសេវាសាធារណៈរបស់ឃុំ ក្រុមទី២ពិភាក្សាអំពីការងារផែនការ និងអភិវឌ្ឍន៍មូលដ្ឋាន និងក្រុមទី៣ពិភាក្សាអំពីការងារភូមិ ឃុំមានសុវត្ថិភាព។ ជាមួយគ្នានោះ ថ្លែងក្នុងឱកាសបិទអង្គវេទិកាលោកជំទាវ មាន សំអានបានមានប្រសាសន៍ថា ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញ និងពិភាក្សាដេញដោលនៃអង្គវេទិកាអស់រយៈពេលមួយថ្ងៃមក អង្គវេទិកាបានទទួលនូវលទ្ធផលជាផ្លៃផ្កា ដោយទទួលបាននូវព័ត៌មានជាច្រើនទាក់ទងនឹងបញ្ហាប្រឈម និងសំណូមពរជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការនៅមូលដ្ឋាន ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈរបស់ឃុំ។ ជាមួយគ្នានេះដែរ លោកជំទាវ បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា គប្បីបើកវគ្គបណ្តុះ បណ្តាលពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំឲ្យបានយល់អំពីការងាររដ្ឋបាល ការងារផែនការ ការងារហិរញ្ញវត្ថុ និងផ្នែកជំនាញរតនាគាគប្បីជួយបណ្តុះបណ្តាលអំពីនីតិវិធី និងទម្រង់បែបបទចំណូលចំណាយថវិកាឃុំឲ្យបានច្បាស់លាស់ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអង្គភាពផ្សេងៗ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហា និងបទល្មើសនានា ដែលកើតមានក្នុងឃុំ-សង្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ