នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ ដើម្បីពិនិត្យ និងឆ្លងផែនការសកម្មភាពការងារ របស់គណៈកម្មការ សម្រាប់អនុវត្តឆ្នាំ២០១៤ និងពិភាក្សាអំពីការត្រៀមចុះបំពេញ បេសកកម្មក្រៅប្រទេសដោយមាន ការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ ថា គណៈកម្មការមានផែនការ សកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០១៤ តាមគោលដៅដូចជា៖ ទី១-ត្រៀមទស្សនកិច្ចដកបទពិសោធន៍ នៅសភាបរទេស ទី២-ត្រៀមពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់សេចក្តី ស្នើច្បាប់ ឫបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងត្រៀមចុះបេសកកម្ម ស្វែងរកព័ត៌មានតាមវិស័យជា សមត្ថកិច្ចរបស់គណៈកម្មការ ទី៣-ត្រៀមចូលរួមសិក្ខាសាលាស្តីពីគោល នយោបាយជាតិ ស្តីពីការត្រួតពិនិត្យ និងការគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង និង សិក្ខាសាលាស្តីពី ប្រព័ន្ធប្រលងប្រណាំង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ សមត្ថភាព។
លោកជំទាវ បានមានប្រសាសន៍បន្តថា គណៈកម្មការនឹងអនុវត្តគោលដៅដែលបានលើកឡើង ទៅតាមត្រីមាស នីមួយៗ និងទៅតាមចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា ហើយរៀបចំធ្វើជារបាយការណ៍ដើម្បីរាយការណ៍ជូនដល់ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងផ្តល់ជាអនុសាសន៍ជូនដល់ក្រសួង ស្ថាប័ន ដែលមានការពាក់ព័ន្ធ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន