Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី វិធានការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង នៅកម្ពុជា

   ថ្ងៃទី 23 ខែតុសា ឆ្នាំ2025
com8_16_10_2013_1
com8_16_10_2013_2 com8_16_10_2013_3
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី វិធានការកាត់បន្ថយការប្រើប្រាស់​គ្រឿងស្រវឹង នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា និងថ្នាក់ដឹកនាំមន្ត្រីមកពីក្រសួងពាក់ពន្ធ អង្គការអន្តរជាតិ IOGT មជ្ឍបណ្ឌល ភីឌីភី និងអ្នកជំនាញ​ការត្រួតពិនិត្យគ្រឿងស្រវឹង ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនោះលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះគឺដើម្បីឈានទៅបង្កើតច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងស្រវឹង ឲ្យមានប្រសិទ្ធភាព​ក្នុងការកាត់បន្ថយបន្ទុកលើបញ្ហាសង្គម ដែលបង្កឡើងដោយគ្រឿងស្រវឹង។ លោកជំទាវ បានមានប្រសាសន៍បន្តថា ការកាត់បន្ថយជាតិស្រវឹងតាមវិធានការសំខាន់៤ គឺទី១ តម្លើងពន្ធប្រផលិតផលគ្រឿងស្រវឹង ទី២ហាមឃាត់ ការផ្សាយគ្រឿងស្រវឹងដែលមានលក្ខណៈអូសទាញ និងភូតកុហក ទី៣ កំហិតកន្លែងលក់ គ្រឿងស្រវឹង និងទី៤ កំណត់អាយុចំពោះអ្នកទិញ​ និងអ្នកប្រើប្រាស់គ្រឿងស្រវឹង ។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីគ្រឿងស្រវឹង នៅលើពិភពលោកក្នុងតំបន់ និងនៅប្រទេសកម្ពុជា គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងមានឆន្ទៈនយោបាយមុតមាំ ប្រកបដោយការប្តេជ្ញាចិត្ត ពីថ្នាក់ដឹកនាំប្រទេស អង្គការជាតិ-អន្តរជាតិ និងសង្គមស៊ីវិលពាក់ព័ន្ធធ្វើការពីគ្រោះយោបល់ និងសម្រេចចិត្ត ពិនិត្យលទ្ធភាព ដើម្បីរៀបចំគោលនយោបាយជាតិ និងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងស្រវឹង សំដៅបង្ការ និងកាត់បន្ថយបន្ទុកលើបញ្ហាសង្គម ដែលបង្កឡើងដោយគ្រឿងស្រវឹង ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជន។
កិច្ចពិគ្រោះយោបល់នេះបានប្រព្រឹត្តទៅរយៈពេលមួយរសៀល ដោយមានការចូលរួមធ្វើបទបង្ហាញពីលោក Mr Esbjorn Hornberg នាយកប្រតិបត្តិអង្គការអន្តរជាតិ IOGT បានមានមតិចាប់អារម្មណ៍លើប្រធានបទ លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីសន្និសីទ ស្តីពី គោលនយោបាយ គ្រឿងស្រវឹង​ពិភពលោក នៅប្រទេសកូរ៉េខាងត្បូង Dr Saksophon Thamarangsy បានធ្វើបទបង្ហាញចែក រំលែកបទពិសោធន៍នៃវិធានការដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក្នុងពិ​ភព​លោកនិងក្នុងកំបន់ និងលោក យង់ គឹមអេង ប្រធានមជ្ឈបណ្ឌល ភីឌីភី ធ្វើរបាយការណ៍សង្ខេប នៃវេទិការផ្តល់អនុសាសន៍ ស្តិពីវិធានការកាត់បន្ថយគ្រឿងស្រវឹង ។
បន្ទាប់ពីបានពិភាក្សា​ និងស្តាប់បទបង្ហាញពពីវាគ្មិនសំខាន់ៗរួចមក លោកជំទាវ ហូ ណូន ប្រធានគណៈកម្មការទី៨រដ្ឋសភា បានថ្លែងក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់នេះថា ឆ្លងតាមការពិភាក្សាយ៉ាងផុសផុល ការផ្តល់នូវមតិយោបល់ និងបទពិសោធន៍ល្អៗពីវាគ្មិនជាតិ និងអន្តរជាតិ ធ្វើឲ្យអង្គសិក្ខាសាលាពិគ្រោះយោបល់ទទួលបាននូវ​ចំណោះដឹងជាច្រើន ក្នុងការរិះរកវិធី និងដំណោះស្រាយល្អៗ ក៏ដូចជាការកសាងគោលនយោបាយគ្រឿងស្រវឹង និងវិធានការផ្លូវច្បាប់សមស្រប ចំពោះបញ្ហាគ្រឿងស្រវឹងនៅកម្ពុជា​ ហើយព្រម​ទាំង​បាន​ធ្វើឲ្យយើងស្វែងយល់កាន់តែច្បាស់ពីមូលហេតុចំបងៗ ដែលបង្កឡើង ដោយគ្រឿងស្រវឹង រួមមានបញ្ហាជំងឺមិនឆ្លង អំពើហិង្សាក្នុងគ្រួសារ ការចាប់រំលោភសេពសន្ទវៈ អំពើឃាតិកម្ម ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចគ្រួសារ និងសង្គម ភាពក្រីក្រ គ្រោះថ្នាក់ចរាចរណ៍ បាត់បង់គុណភាពការងារ ផលិតភាពការងារមិនពេញលេញ និងបញ្ហាអសន្តិសុខនានានៅក្នុងសង្គម ដែលពិតជាមូលហេតុយ៉ាងជាក់ស្តែង និងពិតប្រាកដបំផុត ក្នុងការបង្កការខាងបង់យ៉ាងធ្ងន់ធ្ងរដល់ថវិកាជាតិ។​
លោកជំទាវ ហូ ណូន ប្រធានគណៈកម្មការទី៨រដ្ឋសភា បានមានប្រសាសន៍ថាបន្ថែមថា នៅក្នុងនីតិកាលទី៥ រដ្ឋសភាកម្ពុជា នឹងប្តេជ្ញាបន្តកិច្ចខិតខំការងាររបស់ខ្លួនដោយសហការយ៉ាងជិតស្និទជាមួយនឹងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាដៃគូ ដើម្បីបន្តជម្រុញដាក់ចុះនូវវិធានការចាំបាច់នានាថ្មីៗបន្ថែមទៀតមុននឹងឈានចូលដល់ការបង្កើតឲ្យមានច្បាប់ស្តីពី គ្រឿងស្រវឹង ក្នុងគោលបំណងធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងផលប៉ះពាល់ដោយសារការចំណាយទៅលើការ ប្រើប្រាស់គ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធិភាព៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី