គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះជួបសវនាការជាមួយនឹងអាជ្ញាធរខេត្តសៀមរាប
ថ្ងៃទី 10 ខែតុសា ឆ្នាំ2025
កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គម កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្ម ការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ អញ្ជើញជួបសវនាការជាមួយនឹងលោកជំទាវ ឯម ផលាមុនី អភិបាលរងខេត្តសៀមរាប ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយសំខាន់ផ្តោតទៅលើការបញ្ជ្រាប យ៉េនឌ័រ និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាសុខុមាលភាពរបស់មាតា និងទារក នៅសាលប្រជុំ សាលាខេត្តសៀមរាប។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណង នៃការចុះបំពេញបេសកកម្មនេះថា គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យ ជាសមត្ថកិច្ចរបស់គណៈកម្មការ សំដៅឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅទៅលើបញ្ហាមួយចំនួនដូចជា៖ ការបញ្ជ្រាបយ៉េនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាសុខុមាលភាពរបស់មាតា និងទារក ព្រមទាំងការអភិវឌ្ឍទូទាំងខេត្ត និងការអនុវត្តការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដើម្បីកសាងទំនាក់ទំនងឲ្យកាន់ជិតស្និទ្ធជាងមុនថែមទៀតរវាងសមាជិក សមាជិកាព្រឹទ្ធ សភាជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងឱកាសជួបធ្វើសវនាការនេះលោកជំទាវ ឯម ផលាមុនី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍ និងងាយទទួលយកនូវលំហូនៃវប្បធម៌បរទេស ជាហេតុបណ្តាលឲ្យខេត្តទទួលរងនូវផលប៉ះពាល់ខាងវិស័យយ៉េនឌ័រ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ក្នុងរយះពេលប៉ុន្មានខែដើមឆ្នាំ២០១២នេះ ខេត្តបានធ្វើការទប់ស្កាត់យ៉ាងសកម្មទៅលើអំពើហិង្សាក្នុង គ្រួសារ ដោយនៅសល់ត្រឹមតែ ២.២៤០ករណី ក្នុងឆ្នាំ២០១១ បើប្រៀបទៅនឹងឆ្នាំមុនៗ គឺមានការថយ ចុះ ហើយជាមួយគ្នានេះខេត្តបានធ្វើការផ្សព្វផ្សាយលើកត្តាមួយចំនួនដល់ថ្នាក់មូលដ្ឋានដូចជា៖ ការ បង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងយ៉េនឌ័រជាដើម។
លោកជំទាវ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ជាមួយនឹងលទ្ធផលការងារខាង លើនេះ ខេត្តនឹងនៅតែបន្តពង្រឹងបន្ថែមទៀត ដើម្បីធ្វើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ។
ជាមួយគ្នានោះដែរ លោកជំទាវ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍កោតសរសើរចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះតាមដាន ឈ្វេងយល់ និងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងឡាយដែលតែងតែកើតមានចំពោះ ស្រ្តីទាំងនៅក្នុងខេត្តសៀមរាបក៏ដូចជាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ និង រូបភាព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ