នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំ ភូមិ និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៩គ្រួសារនៅឃុំកណ្តោល និងឃុំកូនសត្វ ដែលទទួលរងគ្រោះថ្នាក់ដួលរលំផ្ទះទាំងស្រុង ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងបានចុះសួរសុខទុក្ខស្ត្រីចំនួន០២នាក់ ដែលរងរបួសក្នុងហេតុការណ៍នោះដែរ (ស្ត្រីមានផ្ទៃពោះ១នាក់) ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ស្រុកចំនួន៥ ក្នុងភូមិសាស្ត្រខេត្តកំពត បានទទួលរងនូវឥទ្ធិពលគ្រោះធម្មជាតិខ្យល់កន្ត្រាក់យ៉ាងខ្លាំង រហូតបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០០ខ្នង រងការខូចខាត ក្នុងនោះផ្ទះចំនួន០៩ខ្នងក្នុងស្រុកទឹកឈូ គឺដួលរលំទាំងស្រុងតែម្តង ហើយស្រុកដែលទទួលរងគ្រោះពីឥទ្ធិពលនៃខ្យល់កន្ត្រាក់នេះរួមមាន ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកឈូក និងស្រុកជុំគិរី។ នាឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានផ្តល់អំណោយជាថវិកាដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន០៩គ្រួសារ ក្នុង១គ្រួសារ ៥០ម៉ឺនរៀល និងស្ត្រីរងរបួសចំនួន០២នាក់ ក្នុងម្នាក់ ២៥ម៉ឺនរៀល មេភូមិ និងប្រជាការពារ ០៦នាក់ ក្នុងម្នាក់ ៥០,០០០រៀល សរុបរួម ៥,៣០០,០០០រៀល (ប្រាំលានបីសែនរៀល)។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥