ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងទស្សនាពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក
ថ្ងៃទី 26 ខែឧសភា ឆ្នាំ2024
ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ តំណាងឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ និងឯកឧត្តម ញ៉ូវ សុង សមាជិកគណៈកម្មការទី២ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងទស្សនាពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីបុណ្យបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨.០០នាទី នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់គោឧសភរាជ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕
អត្ថបទពាក់ព័ន្ធ