ខេត្តពោធិ៍សាត់÷ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម អឹុង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ជី ច័ន្ទរស្មី ប្រធាននាយកដ្ឋានវារីអគ្គិសនី នៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានីយ៍វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅតំបន់ត្រីកោណដែលជាប់ខេត្តចំនួនបី រួមមាន÷ ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានចំងាយប្រមាណ១៧៥គីឡូ ម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ សូមបញ្ជាក់ផងដែរថា ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីចិន វិនិយោគទៅលើវិស័យអគ្គិសនី នៅកម្ពុជាបានចំនួន២៤លើក ហើយនេះក៏ជាឱកាសលើក ទីមួយហើយ ដែលគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា បានអញ្ជើញចុះមកបំពេញទស្សនកិច្ចដោយផ្ទាល់ នៅស្ថានីយ៍វារីអគ្គិសនី នាពេលនេះផងដែរ។