(ខេត្តពោធិ៍សាត់) ÷ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ នឹងវិស័យរបស់គណៈកម្មការទី២ព្រឹទ្ធសភា នៅសាលប្រជុំរបស់សាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ ក្នុងជំនួបពិភាក្សាការងារនោះដែរ ក្នុងគោលបំណង គឺដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត លើបញ្ហាមួយចំនួនរួមមាន៖ ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺក្នុងបុព្វបទថ្មីនៃការផ្ទេរធនធានមនុស្ស និងថវិកាឱ្យដល់មូលដ្ឋាន និងវឌ្ឍនភាពនៃការអភិឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមខ្លឹមសារនៃអនុក្រឹត្យលេខ១៨២ អនក្រ.បក ១៨៣ អនក្រ.បក និង១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានក្រុង ស្រុក ខណ្ឌ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិសង្កាត់ (រជ្ជទេយ្យបុរេប្រទាន) និងបញ្ហាប្រឈម សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ របស់ខេត្ត ព្រមទាំងបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ការចូលរួមអភិវឌ្ឍន៍មូលដ្នានរបស់អង្គការមិនមែនរដ្ឋាភិបាល(NGOs) ព្រមទាំងចុះមកប្រមូលព័ត៌មានអំពី ប្រសិទ្ធភាពនៃការអនុវត្តន៍ការងារ បញ្ហាប្រឈមនានា នៅខេត្តពោធិ៍សាត់។