កាលពីរសៀលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅរដ្ឋសភាសហព័ន្ធ Wallonie-Bruxelles គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម Hamza Fassi-Fihri ប្រធានគណៈកម្មការកិច្ចការទំនាក់ទំនងអន្តរជាតិ និងជាប្រធានផ្នែក APF នៃរដ្ឋសភាសហព័ន្ធ Wallonie-Bruxelles ប៊ែលហ្ស៊ិក។
ឯកឧត្តម Hamza Fassi-Fihri បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនីតិប្បញ្ញត្តិ របស់ប៊ែលហ្ស៊ិក ដែលជារដ្ឋសហព័ន្ធមានអត្ថិភាពអត្តសញ្ញាណពីរគឺ
១/ រដ្ឋសភាសហគមន៍ (និយាយភាសាបារាំង ឬភាសាហ្វាម៉ង់) ដែលមានសមត្ថកិច្ចលើ រូបវន្តបុគ្គល ដូចជា ការអប់រំ, កីឡា, វប្បធម៌, សហប្រតិបត្តិការអន្តរជាតិ…។ល។
២/ រដ្ឋសភាដែនដី ឬតំបន់ មានសមត្ថកិច្ចទៅលើការរៀបចំដែនដី, សុខាភិបាល, សង្គមកិច្ច, ពាណិជ្ជកម្ម, ហិរញ្ញវត្ថុ…។ល។
រដ្ឋសភាសហគមន៍ និងរដ្ឋសភាដែនដី មានសិទ្ធិចុះហត្ថលេខាលើអនុសញ្ញា, សន្ធិសញ្ញា… ជាមួយរដ្ឋបរទេស ហើយមានតម្លៃដូចគ្នានឹងការចុះហត្ថលេខា ដែលធ្វើឡើងដោយរដ្ឋសហព័ន្ធ ជាមួយនឹងរដ្ឋបរទេសដែរ។
ដូចនេះ ហើយរដ្ឋសភាសហព័ន្ធ Wallonie-Bruxelles អាចចុះហត្ថលេខាលើកិច្ចសហប្រ តិបត្តិការជាមួយព្រឹទ្ធសភាកម្ពុជា ប្រសិនបើមាន។
ឯកឧត្តម Hamza Fassi-Fihri បានទទួល និងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ ពិនិត្យ និងសម្រេច នូវសំណើរបស់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាលើសំណើកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាសហព័ន្ធ Wallonie-Bruxelles លើពីរចំណុច៖
១/ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូនៃសភាទាំងពីរ (រដ្ឋសភាសហព័ន្ធ Wallonie-Bruxelles និងព្រឹទ្ធសភាកម្ពុជា) សំដៅផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
២/ ការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅប្រទេសប៊ែលហ្ស៊ិក។
ឯកឧត្តមបានបញ្ជាក់ថែមទៀតថា កិច្ចសហប្រតិបត្តិការទាំងពីរមុខសញ្ញាអាចធ្វើបានជាទ្វេភាគី (រដ្ឋសភាសហព័ន្ធ Wallonie-Bruxelles និងព្រឹទ្ធសភាកម្ពុជា) ដោយឯកឧត្តមនឹងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភារបស់ឯកឧត្តម ដើម្បីពិនិត្យ និងសម្រេច។
កិច្ចសហប្រតិបត្តិការទាំងពីរមុខសញ្ញាខាងលើ ក៏អាចធ្វើឡើងបានដែរជាពហុភាគី តាមរយៈ APF។ ឯកឧត្តមនឹងលើកយកបញ្ហានេះ ជូនអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APF ក្នុងអង្គប្រជុំគណៈកម្មការនយោបាយ នៅប្រទេសកម្ពុជា នាខែ មករា ឆ្នាំ ២០១៦ ខាងមុខនេះ ដើម្បីពិនិត្យ និងសម្រេច។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)