គណៈប្រតិភូសមាជិកសភាកម្ពុជា ជួបសន្ទនាការងារជាមួយតំណាងអគ្គសវនករហ្វាំងឡង់
ថ្ងៃទី 20 ខែឧសភា ឆ្នាំ2024
កាលពីរសៀលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៥ នៅរដ្ឋសភាហ្វាំងឡង់ គណៈប្រតិភូសមាជិកសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជួបសន្ទនាការងារជាមួយ លោក Esa Tammelin តំណាងឯកឧត្តមអគ្គសវនករ នៃការិយាល័យសវនកម្មជាតិ (NAO) នៃប្រទេសហ្វាំងឡង់ ដោយមានការចូលរួមពី លោក Antti Rautava ប្រធានអង្គភាពស្រាវជ្រាវរដ្ឋសភាហ្វាំងឡង់ និងសហការី។
លោក Esa Tammelin បានជម្រាបជូនគណៈប្រតិភូអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់ NAO ដែលមានអាណត្តិ ៤ឆ្នាំ ហើយមានប្រភេទសវនកម្មចំនួន ៤ គឺសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (Financial Audit), សវនកម្មលើរបាយការណ៍ច្បាប់ និងបទប្បញ្ញត្តិ (Compliance Audit), សវនកម្មលើកិច្ចប្រតិបត្តិការ (Performance Audit) និង សវនកម្មលើគោលនយោបាយសារពើពន្ធ (Fiscal Policy Audit)។
NAO ជាអ្នកធ្វើរបាយការណ៍សវនកម្មបញ្ជាក់លើសេចក្តីព្រាងច្បាប់ថវិកាជូនទៅគណៈ កម្មាធិការសវនកម្មនៃរដ្ឋសភា ហើយគណៈកម្មាធិការនេះមានភារកិច្ចធ្វើរបាយការណ៍សវនកម្មដើម្បីរាយការណ៍ជូនរដ្ឋសភា (អង្គប្រជុំពេញអង្គ)។
ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈប្រតិភូបានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់អាជ្ញាធរសវនកម្មជាតិ (NAA) របស់កម្ពុជា ព្រមទាំងបានលើកឡើងអំពីភាពដូចគ្នា និងភាពខុសគ្នារវាងសវនកម្មជាតិទាំងពីរ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ