Responsive image
  
សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា អញ្ជើញចូលស្តាប់បទបង្ហាញស្តីពីប្រព័ន្ធ និងសេវារបស់សភាសហព័ន្ធស្វីសដែលឧទ្ទេសនាមដោយលោក Daniel Zehnder អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ សេវាសភា នៃសភាសហព័ន្ធស្វីស

   ថ្ងៃទី 28 ខែមីនា ឆ្នាំ2024
cm2-26-03-2015-1 cm2-26-03-2015-2
cm2-26-03-2015-3 cm2-26-03-2015-4

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសិក្ខាសាលាខាងជើងព្រឹទ្ធសភា សមាជិក សមាជិការដ្ឋសភា​ ព្រឹទ្ធសភា បានអញ្ជើញចូលស្តាប់បទបង្ហាញស្តីពីប្រព័ន្ធ និងសេវារបស់សភាសហព័ន្ធស្វីស ដែលឧទ្ទេសនាមដោយលោក Daniel Zehnder អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ សេវាសភា នៃសភាសហព័ន្ធស្វីស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងមន្ត្រីនៃអគ្គលលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូប។


ក្នុងឱកាសនោះ លោក Daniel Zehnder អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ សេវាសភា នៃសភាសហព័ន្ធស្វីស បានមានប្រសាសន៍ថា ប្រទេសស្វីសស្ថិតនៅចំកណ្តាលនៃភាគខាងលិចនៃទ្វីបអ៊ឺរ៉ុប និងគ្របដណ្តប់ដោយជួរភ្នំAlpes មានផ្ទៃដីចំនួន៤០.០០០គីឡូម៉ែត្រការ៉េ ដូច្នេះប្រទេសនេះស្ថិតក្នុងចំណោមប្រទេសមានផ្ទៃដីតូច និងមធ្យមនៅទ្វីបអឺរ៉ុប។ មានប្រជាជនរស់នៅចំនួន៨លាននាក់ ដែលក្នុងនោះមានជនបរទេសចំនួន២៤% មានប្រជាពលរដ្ឋរស់ចម្រុះជាតិសាស្រ្ត មានវប្បធម៌សម្បូរបែប មានជនជាតិភាគតិច និងមានភាសាជាតិចំនួន៤ ភាគច្រើនគេនិយាយភាសាអាល្លឺម៉ង់ និងជនជាតិភាគតិចនិយាយភាសាបារាំង និងអ៊ីតាលី។
លោក បានមានប្រសាសន៍បន្តថា ប្រទេសស្វីសជាប្រជាជាតិមួយ ដែលបានបង្កើតឡើងពីថ្នាក់ក្រោមឡើងលើមិនមែនពីថ្នាក់លើចុះមកក្រោមឡើយ។ប្រទេសស្វីសបានអភិវឌ្ឍខ្លួនអស់រយៈពេល៦០០ឆ្នាំ តាមរយៈការរួបរួមគ្នារវាងតំបន់ផ្សេងៗឬរដ្ឋតូចៗ  ហើយបច្ចុប្បន្នប្រទេសស្វីសមានខេត្តចំនួន២៦ ដែលបានបង្កើតជាប្រព័ន្ធស្វីស ហើយមិនមែនជាប្រទេសប្រមូលផ្តុំឡើយ ក៏ប៉ុន្តែជារដ្ឋសហព័ន្ធដែលផ្តល់សិទ្ធិអំណាចសំខាន់ៗដល់ខេត្ត។ ជាគោលការណ៍ ការផ្ទេរសិទ្ធិអំណាចនិងធនធានពីថ្នាក់ក្រោម(ខេត្តឬឃុំ) ទៅកាន់ថ្នាក់ជាតិគឺអនុវត្តតាមកម្រិត(តិចតួចបំផុតតាមតែអាចធ្វើបាន,ច្រើនបំផុតអាស្រ័យលើតម្រូវការចាំបាច់)។ ក្នុងជីវភាពនយោបាយ ប្រទេសស្វីសមានវប្បធម៌ផ្តល់អំណាចធ្វើការសម្រេចចិត្តទៅថ្នាក់ក្រោមបំផុតតាមតែអាចធ្វើបាន ពោលគឺនៅជិតប្រជាពលរដ្ឋនិងនៅជិតអ្នកពាក់ព័ន្ធផ្ទាល់ជាមួយសេចក្តីសម្រេចទាំងនោះ។ ស្វីស បានបង្កើតក្របខណ្ឌគតិយុត្តិដើម្បីធានានូវសាមគ្គីភាពរវាងតំបន់ និងខេត្ត ដែលមានការអភិវឌ្ឍ និងមានសេដ្ឋកិច្ចល្អជាងខេត្ត និងតំបន់ផ្សេងទៀត ជាពិសេសគេបានបង្កើតរូបមន្តសម្រាប់ធ្វើការបែងចែកឡើងវិញនូវធនធានហិរញ្ញវត្ថុរបស់តំបន់ខ្លាំងដើម្បីផ្តល់ការគាំទ្រដល់តំបន់ដែលមានការអភិវឌ្ឍទាបក្នុងប្រទេស។
លោក បានមានប្រសាសន៍បន្តទៀតថា ក្នុងគោលនយោបាយប្រទេសស្វីសមិនមានគណបក្សកាន់អំណាច និងគណបក្សជំទាស់ទេ។រដ្ឋាភិបាលដែលហៅថា ក្រុមប្រឹក្សាសហព័ន្ធ មានអ្នកនយោ បាយចំនួន៥ ដែលកាន់អាសនៈទាំងអស់ចំនួន២៤៦ក្នុងសភាទាំងពីរ៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី