ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយ លោក Jean CABANNES នៅព្រឹទ្ធសភាបារាំង
ថ្ងៃទី 5 ខែវិច្ឆិការ ឆ្នាំ2024
|
|
|
កាលពីព្រឹកថ្ងៃទី ០៣ខែ វិច្ឆិកា ឆ្នាំ ២០១៤នៅព្រឹទ្ធសភាបារាំងឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍និង ជាប្រធាន គណៈកម្មការទី២ នៃព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាជួបពិភាក្សាការងារជាមួយ លោកJean CABANNESនាយកការិយាល័យពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបារាំង ។
ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងព្រឹទ្ធសភាទាំងពីរ តាំងពីការកកើតព្រឹទ្ធសភា កម្ពុជាដំបូងមកម្លេះ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ជេដ្ឋ បានប្រគល់ជូន លោកJean CABANNESនូវសៀវភៅច្បាប់រដ្ឋធម្មនុញ្ញ, បទ បញ្ជាផ្ទៃក្នុងព្រឹទ្ធសភា, ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា, ច្បាប់ស្តីពីសមាជរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលជាលទ្ធផលនៃ ការឧបត្ថម្ភផ្នែកផ្លូវច្បាប់ពីព្រឹទ្ធសភាបារាំងដល់ព្រឹទ្ធសភាកម្ពុជា ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូនអំពីរចនាសម្ព័ន្ធថ្មីនៃគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាកម្ពុជា ដោយបង្កើតឲ្យមាន គណៈកម្មការទី១០ បន្ទាប់ពីមានដំណោះស្រាយនយោបាយកាលពីខែ កក្កដា ឆ្នាំ ២០១៤ កន្លងទៅនេះ ។
នៅចុងបញ្ចប់ ឯកឧត្តម ជា ជេដ្ឋ បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា ទាំងពីរតទៅទៀត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ សមាជិកព្រឹទ្ធសភា និងបានស្នើសុំឲ្យព្រឹទ្ធសភាបារាំងបញ្ជូនអ្នកឯកទេស ដើម្បីជួយរៀបចំក្រមសីលធម៌សមាជិកព្រឹទ្ធសភាកម្ពុជា ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ