សេចក្តីសន្និដ្ឋាននៃដំណើរទស្សនកិច្ច ដឹកនាំដោយ ឯកឧត្តមជា ជេដ្ឋ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ថ្ងៃទី 23 ខែតុសា ឆ្នាំ2024
|
គណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់» នៅ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្រោមការឧបត្ថម្ភរបស់គម្រោង GIZចាប់ពីថ្ងៃទី ០៨ ដល់ទី ១៧ខែ តុលា ឆ្នាំ ២០១៤ ។
ក្នុងឱកាសបំពេញទស្សនកិច្ចគណៈប្រតិភូបានជួបសន្ទនាការងារជាមួយលោកជំទាវរដ្ឋលេខាធិការនិងប្រធាននាយកដ្ឋានទទួលបន្ទុកថវិកា ថ្នាក់ក្រោមជាតិ របស់ក្រសួងហិរញ្ញវត្ថុនៃរដ្ឋ Hessenព្រមទាំងបានបំពេញទស្សនកិច្ចនៅស្រុក Bergstrasse និងអង្គភាពសវនកម្មផ្ទៃក្នុង នៅឃុំ Heppenheim។
គណៈប្រតិភូបានសិក្សាឈ្វេងយល់ថាការរៀបចំធ្វើគម្រោងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវធ្វើឡើងទន្ទឹមនឹងការធ្វើសវនកម្មក្នុង ឆ្នាំនីមួយៗ មានន័យថា ថវិកាដែលមានប្រសិទ្ធភាព ត្រឹមត្រូវតាមច្បាប់ និងមានលក្ខណៈសន្សំសំចៃ គឺជាថវិការៀបចំឡើងដោយអនុវត្ត តាមអនុសាសន៍ និងលក្ខខណ្ឌទាំងឡាយដែលសវនកម្មបានរកឃើញ ។
ជាទូទៅថវិកាថ្នាក់ក្រោមជាតិនៅប្រទេសអាល្លឺម៉ង់ រៀបចំឡើងមានលក្ខណៈឯករាជ្យតាមថ្នាក់ នីមួយៗ ដោយផ្អែកលើចំណូលផ្ទាល់នៃថ្នាក់ ទាំងនោះ (ចំណូលពន្ធ និងមិនមែនពន្ធ) រួមទាំងថវិកាវិភាជន៍ពីថ្នាក់សហព័ន្ធ និងរដ្ឋសហព័ន្ធ ។ លើសពីនេះ ក្នុងថវិកាថ្នាក់ក្រោមជាតិ មានកម្ចីរយៈពេលខ្លី និងកម្ចីរយៈពេលវែង ដើម្បីធ្វើវិនិយោគសាធារណៈ ហើយថវិកាទាំងនោះត្រូវសុំការយល់ព្រមពីក្រុមប្រឹក្សាថ្នាក់នីមួយៗ ព្រមទាំងមានការពិនិត្យបន្ទាប់ទៀតពីសវនកម្មថ្នាក់នីមួយៗ ដើម្បីទទួលបានការសម្រេចអនុលោមភាពលើកញ្ចប់ថវិកា មុននឹងចាប់ផ្តើម អនុវត្តថវិកាប្រចាំឆ្នាំនីមួយៗ ។
ក្នុងនាមគណៈប្រតិភូ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោង GIZដែលបានរៀបចំដំណើរទស្សនកិច្ច នេះឡើង ក្នុងគោលបំណងឲ្យគណៈប្រតិភូនៃស្ថាប័នទាំងពីរ បានសិក្សាឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតអំពីថវិកាថ្នាក់ក្រោមជាតិ នៅប្រទេសអាល្លឺម៉ង់ ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ