សេចក្តីសន្និដ្ឋានរួមរបស់គណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ បំពេញទស្សនកិច្ចនៅកាណាដា
ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2024
ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា ចាប់ពីថ្ងៃទី ០៣ ដល់ទី ១៣ ខែកក្កដា ឆ្នាំ ២០១៤ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍, ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាទទួល បន្ទុកកិច្ចការសភានិយាយភាសាបារាំង (APF) បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូតាវ៉ា ប្រទេស កាណាដា ។
ក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា ចូលរួមមហាសន្និបាតលើកទី៤០ នៃអង្គការសភានិយាយភាសាបារាំង (APF) ដោយទទួលបានលទ្ធផលការងារគួរឲ្យ កត់សម្គាល់ ហើយអង្គមហាសន្និបាតទាំង មូលបានកំណត់កាលបរិច្ឆេទ នៃមហាសន្និបាតលើកក្រោយ នៅទីក្រុង Berne ប្រទេសស្វីស ចាប់ពីថ្ងៃទី ០៦ ដល់ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥ ។
បន្ទាប់មក ឯកឧត្តម ជា ជេដ្ឋ បានបន្តដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភាបំពេញទស្សកិច្ចសិក្សាឈ្វេងយល់អំពី «ក្រមសីលធម៌សមាជិកសភា» និង «ការគ្រប់គ្រងចំណូលពីប្រេង និងឧស្ម័នធម្មជាតិ» ដែលដំណើរទស្សនកិច្ចបន្តនេះ ក្រោមការគាំទ្ររបស់វិទ្យាស្ថាសភាកម្ពុជា (PIC) ។
ក្នុងនោះការរៀបចំលិខិតបទដ្ឋានក្រមសីលធម៌សម្រាប់សមាជិកសភា (រដ្ឋសភា និងព្រឹទ្ធសភា) គឺត្រូវមានមិនត្រឹមតែក្រមសីលធម៌សម្រាប់សមាជិករដ្ឋសភា និងក្រមសីលធម៌សម្រាប់សមាជិកព្រឹទ្ធសភា ប៉ុណ្ណោះទេ ពោលគឺត្រូវមានអ្នកតាមដានឯករាជ្យ ០២រូប ទៀត គឺទី(១) ស្នងការក្រមសីលធម៌ និងទំនាស់ផលប្រយោជន៍ (សម្រាប់ សមាជិករដ្ឋសភា) និងទី(២) ទីប្រឹក្សាសភាទទួលបន្ទុកក្រមសីលធម៌ (សម្រាប់សមាជិកព្រឹទ្ធសភា) ទើបការអនុវត្តក្រមសីលធម៌ មានប្រសិទ្ធភាព ។
ដោយឡែក ក្នុងការធ្វើអាជីវកម្មលើប្រេង និងឧស្ម័ន ក៏ដូចជាការកំណត់ពន្ធលើប្រេង និងឧស្ម័ន ក្រៅពីការគិតពីចំណូល ពន្ធដារពីប្រេង និងឧស្ម័ន គឺត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបទដ្ឋានក្នុងការធ្វើអាជីវកម្មប្រេង និងឧស្ម័ន ក្នុងនោះមានតែ ការពិគ្រោះយោបល់គ្នា ការសន្ទនារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅដល់ការយោគយល់គ្នាទៅវិញទៅមក ឯកភាព គ្នាដើម្បីធ្វើឲ្យបានអភិបាលកិច្ចល្អ ការអភិវឌ្ឍប្រកបដោយចីរភាព ធានាបានសុខសុភមង្គលដល់ប្រជាពលរដ្ឋ ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ