ឯកឧត្តម ជា ជេដ្ឋ បន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសកាណាដា
ថ្ងៃទី 13 ខែកក្កដា ឆ្នាំ2024
|
|
|
|
|
|
កាលពីព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៤ បន្ទាប់ពីបញ្ចប់ការចូលរួមមហាសន្និបាតលើកទី៤០ នៃអង្គការសភានិយាយភាសាបារាំង (APF), ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានបន្តដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា សិក្សា ឈ្វេងយល់អំពី «ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងបរិស្ថានក្នុងការធ្វើអាជីវកម្មប្រេង និងឧស្ម័ន»
នៅទីក្រុង Gatineau ខេត្ត Québec នៃប្រទេសកាណាដា ដោយមានការចូលរួមពី ឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភា និង លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា (PIC) អមដោយមន្រ្តីជំនួយការចំនួន ០២រូប ដែលដំណើរទស្សនកិច្ចនេះ ក្រោមការគាំទ្ររបស់ វិទ្យាស្ថានសភាកម្ពុជា (PIC) ។
ក្នុងឱកាសនោះ គណៈប្រតិភូបានជួបសន្ទនាការងារជាមួយ លោក Pierre Boucher ប្រធានផ្នែកខ្សាច់ ប្រេង និងឧស្ម័ន នៅក្រសួងបរិស្ថានកាណាដា និងសហការី ដោយទទួលបាន លទ្ធផលការងារ ដូចខាងក្រោម ៖
- ច្បាប់ទាំង ១២ របស់កាណាដា ដែលបានអនុវត្ត ក្នុងការគ្រប់គ្រងបរិស្ថាន រួមមាន ច្បាប់ការពារការបំពុលបរិស្ថាន ការពារបរិស្ថាន និងសុខភាពមនុស្ស ច្បាប់នេសាទ (ការបំពុលទឹក) ច្បាប់ការពារប្រព័ន្ធអេកូ និងការពារធនធានធម្មជាតិកាណាដា និងអនុសញ្ញាស្តីពីការ ការពារអន្ត ប្រវេសន៍បក្សី ច្បាប់វាយតម្លៃបរិស្ថានទៅលើគម្រោងធំៗ ។
- គោលការណ៍ទាំង៥ដែលបទដ្ឋានក្រោមច្បាប់ឲ្យគោរពតាមស្តង់ដារអន្តរជាតិរួមមាន (១).រាល់សេចក្តីសម្រេចតម្រូវឲ្យមានមូលដ្ឋានវិទ្យាសាស្ត្រ (២).ប្រសិទ្ធភាពដើម្បីសម្រេចលទ្ធផលបរិស្ថាន (៣).ប្រសិទ្ធផលដែលសម្រេចបានតាមគោលដៅ (៤).តម្លាភាព (៥).សម្របសម្រួលតាមលំនាំប្រព្រឹត្តទៅ និងទិន្នផលដែលអាចវាស់ស្ទង់ បានតាម គោលដៅក្នុងបុព្វហេតុនយោបាយ ។
- បទដ្ឋានក្រោមច្បាប់ពាក់ព័ន្ធ (ប្រេងកាត និងឧស្ម័នប្រើប្រាស់) គឺបទដ្ឋានស្តីពីព័ត៌មាន (ប្រេង និងឧស្ម័នដែលបានប្រើប្រាស់) ការបំពុលនៃប្រេង និងឧស្ម័នដែលប្រើប្រាស់ អត្រាសារជាតិស៊ុលភួ នៅក្នុងប្រេងសាំង និងប្រេងម៉ាស៊ូត និងប្រេងសាំងដែលកើតឡើងវិញបាន ។
លោក Pierre Boucher បានបញ្ជាក់បន្ថែមថា ការតាក់តែងច្បាប់ ការដោះស្រាយបញ្ហាប្រឈមពាក់ ព័ន្ធនឹងបទដ្ឋានក្នុងការធ្វើអាជីវកម្មប្រេង និងឧស្ម័ន គឺមានតែការពិគ្រោះយោបល់គ្នា ការសន្ទនា រវាង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅដល់ការយោគយល់គ្នាទៅវិញទៅមក ឯកភាពគ្នា ដើម្បីធ្វើឲ្យ បានអភិបាលកិច្ចល្អ ការអភិវឌ្ឍប្រកបដោយចីរភាព ធានាបានសុខសុភមង្គលដល់ប្រជាពលរដ្ឋ ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ