Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ជួបប្រជុំការងារជាមួយតំណាងវិទ្យាស្ថានសន្ទនាមេគង្គ (MDI)

   ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2024
cm2-04-06-2014-1 cm2-04-06-2014-2

កាលពីព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ អគារ «E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ និង ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ នៃព្រឹទ្ធសភា បានជួបប្រជុំការងារជាមួយ លោក Hakan Atasever នាយកប្រតិបត្តិ នៃវិទ្យាស្ថានសន្ទនាមេគង្គ (Mekong Dialogue Institute/MDI) ។
លោក Hakan Atasever បានជម្រាបជូនគណៈកម្មការអំពីគោលបំណង ទស្សនវិស័យ និងបេសកកម្មរបស់ MDI ព្រមទាំងលទ្ធផលការងារ ដែលបានបំពេញការងារកន្លងមក ផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ, ជំនឿ, យុវជន និងយុវនារី, សប្បុរសធម៌ និងការសិក្សាស្រាវជ្រាវ ។ លើសពីនេះ ដើម្បីត្រៀមខ្លួនចូលក្នុងសមាហរណកម្មអាស៊ានឆ្នាំ ២០១៥ MDI នឹងផ្តល់អាហារូបណ៍ថ្នាក់ភាសាអង់គ្លេសដល់មន្រ្តី ជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីមានមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវ និងបំពេញការងារជូនគណៈកម្មការឲ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត ។
បន្ថែមលើនេះ លោកបានផ្តល់ជូនសៀវភៅមួយចំនួនដល់គណៈកម្មការទី២ និងបណ្ណាល័យ ព្រឹទ្ធសភា ពាក់ព័ន្ធនឹងផ្នែកអប់រំ និងទស្សនវិជ្ជា របស់ លោក Fethullah Gulen អ្នកប្រាជ្ញជនជាតិទួរគី គាត់ត្រូវបានចាត់ទុកជាអ្នកផ្តួចផ្តើមគំនិត និងបំផុសគំនិតនៃចលនាសង្គមស៊ីវិល ទូទាំងពិភពលោក ដែល បានប្តេជ្ញាចិត្តក្នុងការអប់រំ សន្តិភាព យុត្តិធម៌ និងភាពសុខដុមរមនាក្នុងសង្គម ។

ឯកឧត្តម ជា ជេដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់ MDI ដែលជាអង្គការមិនរកប្រាក់ចំណេញ ហើយបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងធនធានមនុស្ស ព្រមទំាងលើកកម្ពស់សន្តិភាព នៅប្រទេសកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយចូលរួមបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពផ្នែកភាសាអង់គ្លេស ដល់មន្រ្តីជំនួយការគណៈកម្មការ និងបានផ្តល់សៀវភៅ ដើម្បីជាមូលដ្ឋានក្នុងការសិក្សាឈ្វេងយល់ផងដែរ ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី